ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារ UN បញ្ជាក់ថា ស្ត្រីមានផ្ទៃពោះរាប់ពាន់នាក់ កំពុងប្រឈមហានិភ័យ ក្នុងទីក្រុង Taiz នៃប្រទេសយេម៉ែន

​ហ្សឺណែវ ៖ ការប្រយុទ្ធគ្នា និងការរឹតត្បិតការចេញចូលទាំងនៅក្នុង និងជុំវិញទីក្រុង Taiz នៃប្រទេសយេម៉ែន បានធ្វើឱ្យស្ត្រីមានផ្ទៃពោះជាង ១៣.០០០ នាក់ មិនទទួលបានការថែទាំសុខភាពចាំបាច់ ដែលជាហេតុបណ្តាលឱ្យមានអត្រា រលូតកូនកាន់តែច្រើនឡើង។ នេះបើតាមការបញ្ជាក់របស់មូលនិធិ សហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) កាលពីថ្ងៃអង្គារ។

​ទីក្រុង Taiz ត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងអស់រយៈពេលមួយខែមកហើយ ដោយសារការប្រយុទ្ធគ្នាបានរារាំងទាំងការបញ្ជូនជំនួយមនុស្សធម៌ចូល និងការចាកចេញរបស់ជនស៊ីវិល ស្របពេលដែលមានការកើនឡើងនូវការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ រវាងរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងក្រុមចលនាហូធី (Houthi) ដែលមាននិន្នាការទៅរកប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៣ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​ផ្លូវផ្គត់ផ្គង់សំខាន់ៗ រួមទាំងផ្លូវរបៀង Taiz-Aden ត្រូវបានបិទខ្ទប់ដោយកងកម្លាំងហូធី ដែលធ្វើឱ្យការខ្វះខាតទឹក អាហារ និងប្រេងឥន្ធនៈ កាន់តែមានសភាពធ្ងន់ធ្ងរ។ យោងតាមអង្គការសហប្រជាជាតិ ទីក្រុងនេះគឺជាកន្លែងជ្រកកោនរបស់ប្រជាជនប្រហែលពាក់កណ្តាល នៃចំនួនអ្នកដែលត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅសរុប ៣០០.០០០ នាក់នៅទូទាំងប្រទេសយេម៉ែន ដោយសារការប្រយុទ្ធគ្នាថ្មីៗនេះ។

​លោក Francesco Galtieri តំណាងរបស់ UNFPA ប្រចាំប្រទេសយេម៉ែន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសយេម៉ែនមានអត្រាមរណភាព មាតាខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អារ៉ាប់រួចទៅហើយ ដោយមានស្ត្រីប៉ាន់ស្មានប្រហែល ៣នាក់បានស្លាប់ជារៀងរាល់ថ្ងៃដោយសារផលវិបាកអំឡុងពេលសម្រាលកូន មុនពេលជម្លោះបានផ្ទុះឡើងវិញនៅទីនោះកាលពីរដូវក្តៅនេះ។

ប្រែសម្រួល៖ គីរី

To Top