ព័ត៌មានអន្តរជាតិ

សង្គ្រាមនៅសមុទ្រខ្មៅ រីករាលដាលកាន់តែធំ ដែលជាការសាកល្បងទៅលើ «ខ្សែបន្ទាត់ក្រហម» របស់អង្គការណាតូ (NATO)

​ឡុងដ៍/ប៊ុយការ៉ែស  ៖ បន្ទាប់ពីមានការវាយប្រហារចំនួន ៧ លើក ទៅលើនាវាដឹកទំនិញនៅក្បែរប្រទេសរូម៉ានី និងប៊ុលហ្គារី ដែលជាសមាជិកអង្គការណាតូកាលពីខែមុន សម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ បានប្រកាសថា ខ្លួននឹងដាក់ពង្រាយយន្តហោះល្បាត ដែនសមុទ្រ ប្រព័ន្ធរ៉ាដា និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដើម្បីពង្រឹងទីតាំងការពារ ស្លាបខាងកើតរបស់ខ្លួននៅក្នុងតំបន់សមុទ្រខ្មៅ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៣ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

បីថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី២៣ ខែតុលា នាវាមួយគ្រឿងទៀតត្រូវបានរងការវាយប្រហារនៅក្បែរព្រំដែនទឹករបស់ប្រទេសរូម៉ានី។ ដោយឡែក កាលពីសប្តាហ៍មុន នាវាដឹកទំនិញរបស់ប្រទេសក្រិកមួយគ្រឿង ត្រូវបានពន្លិចដោយដ្រូនកងទ័ពជើងទឹក នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសប៊ុលហ្គារី។

​ការវាយប្រហារដែលមិនមានការថមថយនេះ បង្ហាញឱ្យឃើញពីរបៀបដែលសង្រ្គាមដែនសមុទ្រកំពុងកើនឡើងកម្តៅរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងរីករាលដាលក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់អង្គការណាតូនៅសមុទ្រខ្មៅ ហើយបានបន្សល់ទុកឱ្យរដ្ឋសមាជិកដែលស្ថិតនៅតាមតំបន់ឆ្នេរ ដូចជាប្រទេសរូម៉ានី និងប៊ុលហ្គារី ប្រឈមមុខនឹងហានិភ័យដោយផ្ទាល់។

​ក្រុមអ្នកវិភាគយោធាបានលើកឡើងថា ពួកគេស្ទើរតែមិនមានការសង្ស័យទាល់តែសោះថា ទាំងនេះគឺជាការវាយប្រហាររបស់រុស្ស៊ី។ យោងតាមក្រុមហ៊ុនសន្តិសុខនាវាចរណ៍ Ambrey បានឱ្យដឹងថា ដ្រូនកងទ័ពជើងទឹកដែលត្រូវបានគេមើលឃើញនៅលើវីដេអូ នៃការវាយប្រហារចុងក្រោយនេះ មានភិនភាគស្រដៀងទៅនឹងប្រភេទដ្រូនរបស់រុស្ស៊ី។

​លោក Sidharth Kaushal អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ RUSI ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា វាមិនអាចប្រកែកបានទេថា នេះគឺជាការកើនឡើងនៃភាពតានតឹង»។

​ទោះជាយ៉ាងណា ប្រទេសរុស្ស៊ីបានបដិសេធ ចំពោះការចោទប្រកាន់ថា ខ្លួនបានកំណត់គោលដៅវាយប្រហារលើប្រទេសជិត ខាងរបស់អ៊ុយក្រែន ដោយប្រើប្រាស់ដ្រូន ហើយរុស្ស៊ីបានបញ្ជាក់តបវិញថា រដ្ឋាភិបាលបណ្តាប្រទេសនៅអឺរ៉ុបទៅវិញទេ ដែលជាអ្នកធ្វើឱ្យសង្រ្គាមនៅអ៊ុយក្រែនកើនឡើងកម្តៅ តាមរយៈការផ្គត់ផ្គង់ជំនួយយោធា។ ក្រសួងការពារជាតិរុស្ស៊ីមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ សម្រាប់អត្ថបទព័ត៌មាននេះនោះទេ។

ប្រែសម្រួល៖ គីរី

To Top