ភាពតានតឹងរវាងអាមេរិក និង អ៊ីរ៉ង់ នៅតែបន្តកើតមាន ចំពេលកំពុងមានការបោះឆ្នោត ពាក់កណ្តាលអាណត្តិនៅអាមេរិក ខណៈកិច្ចខិតខំប្រឹងប្រែង សម្របសម្រួល ក្នុងតំបន់នៅតែបន្ត
តេអេរ៉ង់៖ នៅពេលដែលការបោះឆ្នោត ពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមនៅថ្ងៃអង្គារ ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នៅតែស្ថិតក្នុងកម្រិតខ្ពស់ ដោយភាគីទាំងពីរបានផ្លាស់ប្តូរការព្រមាន និងលក្ខខណ្ឌនានាសម្រាប់ដំណោះស្រាយដែលអាចកើតមាន។
ទន្ទឹមនឹងនេះ ប្រទេសនានាក្នុងតំបន់ បានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីទប់ស្កាត់កុំឱ្យមានការផ្ទុះឡើងនូវអរិភាពជាថ្មី។
អ៊ីរ៉ង់ ព្រមានប្រឆាំងនឹងការវាយប្រហារថ្មីៗ និងបញ្ជាក់ឡើងវិញ នូវការទាមទាររបស់ខ្លួន
លោក អាលី អាប់ដុលឡាហ៊ី ប្រធានសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នឹងឆ្លើយតបទៅនឹងការគំរាមកំហែងគ្រប់កម្រិត ឬគ្រប់ទម្រង់ទាំងអស់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាបន្ទាន់ និង «ដោយគ្មានដែនកំណត់ភូមិសាស្ត្រ»។
ក្នុងពេលជាមួយគ្នានេះ លោក ម៉ូសេន រ៉េសៃ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់របស់អ៊ីរ៉ង់ បានលើកឡើងនៅក្នុង សារមួយនៅលើបណ្តាញសង្គម X ថា ការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះការទាមទាររបស់អ៊ីរ៉ង់ គឺមិនអាចជឿជាក់បានឡើយ។
លោក រ៉េសៃ បានលើកឡើងថា៖ «ពួកគេត្រូវតែដោះស្រាយលក្ខខណ្ឌទាំង ៧ របស់អ៊ីរ៉ង់ឱ្យបានពេញលេញ និងច្បាស់លាស់ ព្រមទាំងអនុវត្តតាមលក្ខខណ្ឌទាំងនោះ។ មានតែក្នុងករណីនេះទេ ទើបច្រកសមុទ្រហ័រមូស នឹងត្រូវបានបើកឡើងវិញ»។
កាលពីថ្ងៃទី ២២ ខែកញ្ញា អ៊ីរ៉ង់ បានបញ្ជូនផែនការមួយទៅកាន់សហរដ្ឋអាមេរិកតាមរយៈអ្នកសម្របសម្រួល ដើម្បីបញ្ចប់អរិភាព និងបើកច្រកសមុទ្រហ័រមូសឡើងវិញក្នុងរយៈពេល ៧ ថ្ងៃ ប្រសិនបើលក្ខខណ្ឌរបស់ខ្លួនត្រូវបានបំពេញ។
លោក អេសម៉ាអ៊ីល បាហ្គាហៃ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឧ្យដឹងថា អ៊ីរ៉ង់បានកាត់បន្ថយរយៈពេលសម្រាប់ការអនុវត្តផែនការ ៧ ថ្ងៃនោះ មកនៅត្រឹម ២ ថ្ងៃវិញ ដោយបង្ហាញពីសុឆន្ទៈរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា
