លោក ខូយ រីដា ជួបសំណេះសំណាល និងជូនដំណើរក្មួយៗ យុវជនស្ម័គ្រចិត្ត ចូលបំពេញកាតព្វកិច្ចយោធា លើកទី១ ចំនួន ១២០នាក់ ទៅកាន់សាលាហ្វឹកហ្វឺន ទ័ពពិសេសតេជោសែន ឱរ៉ាល់
ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងជូនដំណើរក្មួយៗយុវជនស្ម័គ្រចិត្ត ចូលបំពេញកាតព្វកិច្ចយោធា លើកទី១ ចំនួន ១២០នាក់ ឆ្ពោះទៅកាន់សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីអភិបាលរងខេត្ត គណៈអភិបាលក្រុង-ស្រុក ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។

ក្នុងឱកាសសំណេះសំណាលនាពេលនោះ លោក ខូយ រីដា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិ ភាពក្លាហាន និងការលះបង់របស់ក្មួយៗយុវជនទាំង ១២០នាក់ ដែលបានស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងរក្សាសុខសន្តិភាព ជូនជាតិមាតុភូមិ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្មួយៗយោធិនថ្មីទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ក្រសោបយកចំណេះដឹង ជំនាញ និងវិន័យយោធាពីសាលាហ្វឹកហ្វឺន ឱ្យបានល្អប្រសើរ ព្រមទាំងត្រូវថែរក្សាសុខភាព សាមគ្គីភាពផ្ទៃក្នុង និងស្តាប់តាមការណែនាំរបស់គ្រូបង្ហាត់ ដើម្បីប្រែក្លាយខ្លួនជាយោធិនដែលមានសមត្ថភាព ឆន្ទៈមោះមុត និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល លោក ខូយ រីដា ព្រមទាំងគណៈអធិបតី និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានអញ្ជើញជូនដំណើរ និងប្រគល់អំណោយលើកទឹកចិត្តដល់ក្មួយៗយុវជនស្ម័គ្រចិត្តទាំងអស់ ឡើងរថយន្តធ្វើដំណើរឆ្ពោះទៅកាន់សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយភាពកក់ក្តៅបំផុត៕
ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់








