Feature

រដ្ឋមន្រ្តីព័ត៌មាន ៖ បរិយាកាសព័ត៌មាន ជឿទុកចិត្ត មានសារៈសំខាន់ចំពោះសុខភាព

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា បរិយាកាសព័ត៌មានដែលជឿទុកចិត្ត គឺមានសារៈសំខាន់ចំពោះសុខុមាលភាព និងការអភិវឌ្ឍក្នុងសហគមន៍អាស៊ាន ។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ ពហុភាគីរបស់អាស៊ាន ស្តីពី ការប្រឆាំងព័ត៌មាន ក្លែងក្លាយ និងការគ្រប់គ្រង់ប្រព័ន្ធផ្សព្វផ្សាយសំយោគ ក្នុងយុគសម័យឌីជីថល រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបចេះពិចារណា និងផ្ទៀងផ្ទាត់ប្រភពព័ត៌មានមុននឹងជឿ ឬចែករំលែក ។
លោកថា ត្រូវគិតមុននឹងជឿ ត្រូវពិនិត្យផ្ទៀងផ្ទាត់មុន នឹងចែករំលែកដែលនេះគឺ ជាគោលការណ៍សំខាន់ ក្នុងការកសាងវប្បធម៌ប្រើប្រាស់ព័ត៌មាន ប្រកបដោយការទទួលខុសត្រូវ និងរក្សាទំនុកចិត្តសាធារណៈក្នុងយុគសម័យឌីជីថល ។

លោកបញ្ជាក់ថា បរិយាកាសព័ត៌មានដែលមានភាពជឿទុកចិត្ត គឺមានសារៈសំខាន់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ សាមគ្គីភាពក្នុងសង្គម និងការអភិវឌ្ឍសហគមន៍អាស៊ាន។ ទោះបីបច្ចេកវិទ្យាឌីជីថលបានបើកឱកាសថ្មីៗសម្រាប់ការទទួលបានចំណេះដឹង ការតភ្ជាប់សហគមន៍ ការច្នៃប្រឌិត និងការចូលរួមរបស់សាធារណជនក៏ដោយ ក៏ការរីករាលដាលនៃព័ត៌មានមិនពិត និងព័ត៌មានបំភាន់នៅតែជាបញ្ហាប្រឈមកាន់តែស្មុគស្មាញ ដែលអាចប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ បង្កលក្ខណៈងាយស្រួលដល់ការបោកប្រាស់ និងធ្វើឱ្យប៉ះពាល់ដល់ការយោគយល់គ្នាក្នុងសង្គម ។

រដ្ឋមន្រ្តីបន្ថែមថា ការរីកចម្រើន នៃបញ្ញាសិប្បនិម្មិតបង្កើតថ្មី និងប្រព័ន្ធផ្សព្វផ្សាយសំយោគ បាននាំមកនូវសក្តានុពលជាច្រើនសម្រាប់វិស័យអប់រំ ការបកប្រែ ការផ្លាស់ប្តូរវប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត ។ ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ ក្នុងគោលបំណងបំភាន់ អាចធ្វើឱ្យខ្លឹមសារ បោកបញ្ឆោតកាន់តែមានលក្ខណៈគួរឱ្យជឿ និងធ្វើឱ្យការផ្ទៀងផ្ទាត់ការពិតកាន់តែពិបាក។ ដូច្នេះ ភារកិច្ចរួមរបស់ប្រទេសក្នុងតំបន់ គឺជំរុញនវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវ និងពង្រឹងសមត្ថភាពស្ថាប័ន អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ឱ្យអាចសម្គាល់ និងឆ្លើយតបចំពោះការបោកបញ្ឆោតតាមប្រព័ន្ធឌីជីថល៕

To Top