ឥណ្ឌូនេស៊ី ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ និងនាយប៉ូលិសជាន់ខ្ពស់មួយចំនួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានលួចស្ដាប់ប្រធានាធិបតី សន្ទនាតាមទូរស័ព្ទ
បរទេស៖ អាជ្ញាធរបានឱ្យដឹងថា មន្ត្រីប៉ូលិសជាន់ខ្ពស់ឥណ្ឌូនេស៊ីចំនួន ៣ រូប រួមទាំងប្រធានខុទ្ទកាល័យរបស់ប្រធានាធិបតី Prabowo Subianto ផងដែរ ត្រូវបានចាប់ខ្លួនក្រោមការសង្ស័យថា បានលួចស្ដាប់ការសន្ទនាតាមទូរសព្ទរបស់ប្រធានាធិបតី រដ្ឋមន្ត្រី និងបុគ្គលផ្សេងទៀត។ ហេតុការណ៍នេះគឺជាឧបសគ្គថ្មីមួយទៀត សម្រាប់មេដឹកនាំរូបនេះ ដែលកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនផ្នែក។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ប៉ូលិសមិនបានបញ្ចេញឈ្មោះជនសង្ស័យទាំងនោះទេ ដោយគ្រាន់តែបង្ហាញអក្សរដំបូងនៃឈ្មោះរបស់ពួកគេប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters បានទទួលការបញ្ជាក់ពីរដ្ឋាភិបាលថា លោក Listyo Sigit Prabowo ដែលទើបត្រូវបានតែងតាំងជាប្រធានខុទ្ទកាល័យរបស់ប្រធានាធិបតី ហើយនៅតែជាសមាជិកនៃកងកម្លាំងប៉ូលិសនោះ គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន។
បុគ្គលទាំង ៣ រូបនេះ ត្រូវបានចោទប្រកាន់ថា បានលួចស្ដាប់ការសន្ទនាតាមទូរសព្ទដោយខុសច្បាប់ ទៅលើប្រធានាធិបតី អ្នកសារព័ត៌មាន អ្នកនយោបាយ អ្នកជំនួញ និងបុគ្គលផ្សេងទៀត ចាប់តាំងពីឆ្នាំ ២០២៥ រហូតមកដល់ឆ្នាំនេះ។
លោក Listyo Sigit Prabowo ដែលមិនមានជាប់សាច់ឈាមអ្វីជាមួយប្រធានាធិបតីនោះទេ ធ្លាប់កាន់តំណែងជាអគ្គស្នងការប៉ូលិសជាតិ មុនពេលក្លាយជាប្រធានខុទ្ទកាល័យ របស់ប្រធានាធិបតីកាលពីខែមុន។ លោកគឺជាម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់ថា មានការពាក់ព័ន្ធនឹងសកម្មភាពលួច ស្ដាប់ការសន្ទនាតាមទូរសព្ទដោយខុសច្បាប់ ដែលបានកើតឡើងយ៉ាងទូលំទូលាយ។
ប្រែសម្រួលៈ តុលា
