ក្រសួងការងារ និងអាជ្ញាធរ សម្របសម្រួលដោះស្រាយយ៉ាងលឿនរហ័ស នូវកង្វល់របស់បងប្អូនកម្មករ នៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីង និងឯកភាពចូលធ្វើការវិញនៅថ្ងៃស្អែក
តាកែវ ៖ មន្ត្រីជំនាញនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់កង្វល់ជូនបងប្អូនកម្មករនិយោជិតនៃរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីង ក្នុងខេត្តតាកែវយ៉ាងលឿនរហ័ស នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបងប្អូនកម្មករបានឯកភាពចូលធ្វើការវិញនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ស្អែកនេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា៖ “កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយបញ្ចប់ ហើយដោយបងប្អូនអបអរសាទរទទួល ការដោះស្រាយដ៏លឿនរហ័សរបស់មន្ត្រីជំនាញរបស់យើងនិងអាជ្ញាធរពាក់ព័ន្ធ ហើយព្រមព្រៀងចូលធ្វើការវិញទាំងអស់គ្នានៅថ្ងៃស្អែកទី៥ ខែវិច្ឆិកា នេះ”។

អ្នកនាំពាក្យរូបនេះ បន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗ មន្ត្រីជំនាញនៃក្រសួងការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅដល់ទីតាំងផ្ទាល់ដើម្បីអន្តរាគមន៍ និងដោះស្រាយកង្វល់ជូនបងប្អូនកម្មករ និយោជិតលើចំណុចសំខាន់ៗស្តីពីកង្វល់ជុំវិញលក្ខខណ្ឌការងារ និងទាមទារផ្សេងទៀតចំនួន ៨ចំណុច។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ក្រោយស្តាប់កង្វល់របស់បងប្អូនកម្មករ និងពិភាក្សា និងពិនិត្យលើការងាររបស់រោងចក្រ ភាគីទាំងពីរបានស្រុះស្រួលគ្នាលើចំណុចទាមទារទាំងអស់រួមមាន ការរក្សាប្រាក់ធ្វើដំណើរ ២.៥ដុល្លារ ការបន្ថែមកង្ហារជូនបងប្អូនកម្មករនិយោជិត ការផ្តល់សម្ភារៈធ្វើការឱ្យបានគ្រប់គ្រាន់ ការទប់ស្កាត់លើការប្រើប្រាស់ពាក្យមិនសមរម្យ និងការមិនកាត់ប្រាក់ឈ្នួលនៅពេលព្យួរការងារជាដើម។

ការឈានដល់កិច្ចព្រមព្រៀងនៅថ្ងៃចុះសម្របសម្រួលនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន ក្នុងការឆ្លើយតបនឹងកង្វល់របស់កម្មករ និងស្វែងរកដំណោះស្រាយដោយផ្អែកលើទិដ្ឋភាពច្បាប់ និងការពារប្រយោជន៍ស្របតាមច្បាប់។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដដែល៕





