ព័ត៌មានជាតិ

អូស្រ្តាលីគាំទ្រ សេចក្ដីព្រាងច្បាប់ស្ដីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ នៅកម្ពុជា

ភ្នំពេញ៖លោកPablo Kang ឯកអគ្គរាជទូត អូស្រ្តាលីប្រចាំប្រទេសកម្ពុជា បានប្រកាសគាំទ្រ ដល់ការតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា។

ក្នុងជំនួបជាមួយលោកជេត ជាលី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោកPablo Kang បានថ្លែងថា “គណៈកម្មការសិទ្ធិមនុស្សអូស្រ្តាលី ដែលជាស្ថាប័នជាតិឯករាជ្យ សូមឯកភាព ក្នុងការគាំទ្រដល់ការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពី បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ”។

ក្នុងឱកាសនោះលោកជេត ជាលី បានបញ្ជាក់ថា ក្រុមការងារផ្ទៃក្នុង គ.ស.ម.ក. បានបញ្ចប់ សេចក្ដីព្រាងច្បាប់ ខាងលើរួចរាល់ហើយ ជាមួយគ្នានេះ គ.ស.ម.ក. ស្វាគមន៍រាល់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឱ្យច្បាប់នេះ មានលក្ខណៈល្អប្រសើរ គ្រប់ជ្រុងជ្រោយ អាចទទួលយកបានទាំងអស់គ្នា និងស្របទៅនឹងបរិបទប្រទេសកម្ពុជា។

លើសពីនេះទៀត លោកអនុប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ក៏បានស្នើដល់លោក ឯកអគ្គរាជទូត អូស្រ្តាលីមួយចំនួនដូចជា: ការផ្ដល់អ្នកជំនាញឯកទេសដើម្បីពិនិត្យកែសម្រួលលើសេចក្ដីព្រាងច្បាប់ និង ការរៀបចំកិច្ចពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធនានា ដើម្បីប្រមូលធាតុចូលបន្ថែមទៀតផងដែរ។

ជាការឆ្លើយតបលោកទូតក៏ បានឯកភាពទទួល យកសំណើរបស់ក្រុមការងារ គ.ស.ម.ក. ដោយនឹងធ្វើការពិនិត្យលើសេចក្ដីព្រាងច្បាប់ ជាមុនសិន ហើយភាគីទាំងពីរនឹងបន្ដកិច្ចពិភាក្សាគ្នា នៅពេលក្រោយទៀត៕ ដោយ៖ធី លីថូ

To Top