ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីអាជ្ញាធរ នៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធមួយចំនួន ចុះត្រួតពិនិត្យមើល ស្ថានភាពវិមានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ ដោយបានណែនាំ អ្នកលក់ដូរ ំណីអាហារ នៅតំបន់នោះ ឲ្យចេះរក្សាបរិស្ថានឲ្យបានស្អាត និងមានសណ្ដាប់ធ្នាប់ល្អប្រសើរ ។
ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ធ្វើការសម្អាតមហាវិថីឈ្នះឈ្នះ ឱ្យបានស្អាតជាប្រចាំ អោយមានបរិស្ថានល្អប្រសើរ ជាមួយនឹងការទុកដាក់ វេចខ្ចប់សំរាម អោយបានស្អាត ហើយដើមឈើ នៅតាមមហាវិថីនេះ ក៏ត្រូវតែកាត់លះ មែកអោយបានស្អាតផងដែរ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា “នៅតាមបណ្ដោយ មហាវិថីឈ្នះឈ្នះ ស្ថិតក្នុង ខណ្ឌជ្រោយចង្វារឃើញថា មានធូលីដី ដក់ទឹក នៅតាមចិញ្ចើមផ្លូវ ជាមួយនឹងភក់ច្រំផងដែរ ជាងនេះទៅទៀត បញ្ហាការទុកដាក់សំរាម ក៏ជាបញ្ហាប្រឈមមួយដែរ” ។
ក្នុងនោះលោក ឃួង ស្រេង បានស្នើដល់អាជ្ញាធរ ធ្វើយ៉ាងណាចុះណែនាំ ដល់អ្នកលក់ដូរ នៅតាមចិញ្ចើមមហាវិថីនេះ ត្រូវសម្អាតទីតាំងលក់ដូររបស់ខ្លួន អោយបានល្អ ដោយត្រូវវេចខ្ចប់ ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណា ឱ្យតំបន់នេះ មានអនាម័យ បរិស្ថានល្អ និងចូលរួមបង្ការ ទប់ស្កាត់នូវជំងឺកូវីដ១៩ ទាំងអស់គ្នា ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាល នៅទូទាំងពិភពលោក ហើយកម្ពុជាក៏ជាប្រទេស កំពុងតែប្រឈមដែរនោះ។
ក្រៅពីបញ្ហានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសំអាតធូលីដី ភក់នៅលើបណ្ដោយផ្លូវនេះ ឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រ កៀទឹកដក់ នៅតាមបណ្តោយផ្លូវនេះ ឲ្យបានស្អាត។
លោកបន្តថា ចំពោះមន្ទីរបរិស្ថាន និងអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវ មើលថែដើមឈើជាប្រចាំ ពោលគឺ បើដើមឈើ ដែលត្រូវលះមែក គឺត្រូវលះមែកចេញ អោយបានស្អាត តែបើដើមឈើ ដែលងាប់ ក៏ត្រូវគាស់ចេញ និងដាំបន្ថែមផងដែរ៕