អត្ថបទ

មីជាតិ ចូលរួមជាដៃគូឧបត្ថម្ភ ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៦ ឆ្នាំ២០២៣ នាខេត្តសៀមរាប

សៀមរាប៖ ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៦ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតពេញ១ថ្ងៃ នៅថ្ងៃទី០៤ ខែកុម្ភៈ ដោយមានអ្នកចូលរួមលើសការរំពឹងទុក រហូតដល់ប្រមាណ ១ពាន់នាក់ នៅតំបន់អង្គរ ខេត្តសៀមរាប ក្រោយខកខានរយៈពេល ២ឆ្នាំ ដោយសារវិបត្តិសាកលកូវីដ១៩។

ព្រឹត្តិការណ៍នេះ រៀបចំឡើង ក្រោមកិច្ចសហការ រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុន Phoenix Voyage ដោយចាប់ផ្ដើមកម្មវិធីរត់ នៅម៉ោង ៤ ភ្លឺ ក្នុងថ្ងៃទី​០៤​ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយក្នុងនោះមានកីឡាករ កីឡាការនីចូលរួម មកពី៤៣ប្រទេសលើពិភពលោក ដែលបែងចែកចេញជា​ ៦វិញ្ញាសារ ដោយក្នុងនោះមានវិញ្ញាសារត់ចម្ងាយចំនួន​ ១០០គីឡូម៉ែត្រ ចម្ងាយ​ ៦៤គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ១៦គីឡូម៉ែត្រ និង៨គីឡូម៉ែត្រ ដែលត្រូវចេញដំណើរ ជាបន្ដបន្ទាប់ ហើយកីឡាករ កីឡាការិនីម្នាក់ៗ អាចចំណាយពេលវេលា ដោយរត់ឆ្លងកាត់ឧបសគ្គ តាមតំបន់ព្រៃភ្នំ ប្រាង្គប្រាសាទ ផ្លូវលំ និងវាលស្រែ របស់អ្នកភូមិ នៅតំបន់អង្គរ ខេត្តសៀមរាបដោយគ្មានការឈប់សម្រាកឡើយ។

គណៈកម្មការរៀបចំការប្រកួត ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ បានឱ្យដឹងថាឆ្នាំនេះ Ultra-Trail Angkor លើកទី៦ ឆ្នាំ២០២៣ ទទួលបានការចូលរួមរត់យ៉ាង ច្រើនកុះករពីសំណាក់កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិប្រមាណ ១ពាន់នាក់ ដោយផ្ដោតលើគោលបំណងសំខាន់ គឺផ្សព្វផ្សាយឱ្យ បណ្ដាប្រទេស លើពិភពលោក ពិសេសភ្ញៀវទេសចរ​ ដែលបានមកចូលរួម និងបានដឹងពីស្ថេរភាព សន្ដិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្សព្វផ្សាយ និងចូលរួមថែរក្សា គោលដៅទេសចរណ៍ ប្រវត្ដិសាស្ដ្ររបស់កម្ពុជា គឺតំបន់អង្គរ ខេត្តសៀមរាប។ មួយវិញទៀតក៍ជាចូលរួមចំណែក ក្នុងការស្វែងរកមូលនិធិ សម្រាប់ជួយដល់ការងារមនុស្សធម៌តាមអង្គការ និងមន្ទីរពេទ្យមួយចំនួន ព្រមទាំងមានការទាក់ទាញភ្ញៀវទេសចរ ឱ្យកាន់តែច្រើនផងដែរ។

គូសបញ្ជាក់ផងដែរថា រាល់សកម្មភាពសប្បុរស និងការចូលរួមសកម្មភាពសង្គម របស់មីជាតិ អាចកើតឡើងក៏ដោយសារ ការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីកញ្ចប់ឆ្អិនស្រាប់ មុនដំបូងគេដែលផលិតដោយជនជាតិខ្មែរ និងមានរសជាតិខ្មែរ។ មីជាតិ បានតាំងចិត្តក្នុងការបន្តចូលរួមគាំទ្រ និងឧបត្ថម្ភយ៉ាងពេញទំហឹងនូវសកម្មភាពនានា ក្នុងបុព្វហេតុជួយដល់វិស័យកីឡា និងទេសចរណ៍នៅកម្ពុជា។ មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ ៕

To Top