សេដ្ឋកិច្ច

លោក កៅ ថាច៖ សហគ្រាសជាង ១០០ ទទួលបានកម្ចីពី ARDB ដើម្បីជួយសង្រ្គោះក្នុងពេល ជួបវិបត្តិកូវីដ១៩

ភ្នំពេញ៖ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកឡើងថា មានសហគ្រាសជាង ១០០ ក្នុងចំណោមសហគ្រាសជាង ៤៥០ បានទទួលប្រាក់កម្ចី ពីធនាគារអភិវឌ្ឍជនបទ ដើម្បីជួយសង្រ្គោះ ក្នុងពេលជួបវិបត្តិកូវីដ១៩ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការ និងនីតិវិធីគម្រោងហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម (SME)» នៅថ្ងៃទី៣០ កក្កដានេះ លោក កៅ ថាច បានមានប្រសាសន៍ថា ដោយសារជួបវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលបានទម្លាក់ជាទុន ទៅឲ្យធនាគារចំនួន២ គឺធនាគារអភិវឌ្ឍជនបទ និងធនាគារសហគ្រាសធុនតូច និងមធ្យម SME Bank ដើម្បីផ្តល់ទុនទៅឲ្យប្រជាពលរដ្ឋ ដែលមានតំរូវការផ្នែកឥណទាន ហើយក្នុងនោះមានទំហំ ៥០លានដុល្លារ ដែលទម្លាក់មកតាមធនាគារ អភិវឌ្ឍន៍ជនបទ។ 

លោកអគ្គនាយកធនាគារអភិវឌ្ឍជនបទ បានបញ្ជាក់ថា «ខ្ញុំសូមបង្ហាញវឌ្ឍនភាពមួយចំនួន ក្រោយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ គឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្ដល់ឥណទានបានជាង ១០លានដុល្លារ មានអ្នកទទួលបានផលជាង ១០០នាក់ស្នើសុំ ជារួមមានការដាក់ពាក្យស្នើសុំ ទំហំប្រហែល ៤៥លានដុល្លារ ដែលមានប្រមាណជាង ៤៥០ពាក្យស្នើសុំ គិតមកដល់ម៉ោងនេះ ។ យើងនឹងបន្តធ្វើការអនុវត្តន៍ និងចុះវាយតម្លៃទៅតាម លក្ខខណ្ឌឥណទានរបស់យើង ដូច្នេះហើយខ្ញុំសូមជម្រាបថា យើងនឹងបន្តកិច្ចការនេះ រហូតដល់ចប់ឆ្នាំ២០២០ សង្ឃឹមថានឹងអស់ ហើយទទួលបានមូលនិធិថ្មី ដើម្បីជួយផ្នែក SME នៅក្នុងវិស័យកសិកម្ម» ។

លោកបានបន្តថា អតិថិជនដែលជាគោលដៅ ក្រោមគម្រោងហរិញ្ញាប្បទាន មានបងប្អូនប្រជាកសិករ សហគមន៍កសិកម្ម ក្រុមអ្នកផលិត អ្នកដំាដុះបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ។ សហគ្រាសដែលនាំចេញ ផលិតផលសម្រេច និងពាក់កណ្តាលសម្រេច ដែលកែច្នៃពីកសិឧស្សាហកម្ម និងផលិតផលចំណីអាហារមានប្រភព ពីផលកសិកម្ម ។

លោក កៅ ថាច គូសបញ្ជាក់បន្ថែមថា «អ្នកដែលអាចទទួលបាននូវឥណទាន នៅទំហំប្រាក់ ៥០លានដុល្លារ ទី១.អ្នកដាំដុះបន្លែផ្លែឈើ ទី២.អ្នកចិញ្ចឹមសត្វ មានចិញ្ចឹមគោ ក្របី ទា មាន់ ទី៣.គឺផ្នែកវរីវប្បកម្ម មានការចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ចិញ្ចឹមអន្ទង់ ហើយទី៤.សហគ្រាសធុនតូច និងមធ្យមដែលធ្វើការកែច្នៃ ផលិតផលកសិកម្ម ដែលយើងមានច្រើនហើយ ដែលកំពុងសស្រាក់ស្រាំក្នុងការផលិត ដូចជាទឹកស្វាយ ធ្វើមៀនកំប៉ុង អំបុកកំប៉ុង ដែលយកផលិតផល កសិកម្មធ្វើការកែច្នៃ មាន៤មុខសញ្ញា ដែលយើងផ្តល់ជូន ក្រៅពីនេះមិនអាចស្នើសុំបានទេ» ។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធី ហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់រហូតដល់ ៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្តល់ឥណទានមានការប្រាក់ទាប គាំទ្រដល់បងប្អូនប្រជាកសិករ បងប្អូនប្រជាសហគមន៍ដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមសត្វ ចញ្ចឹមត្រី និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងវិស័យកែច្នៃ ផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងគោលដៅទ្រទ្រង់និរន្តភាព បង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតភាពក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល នៅក្នុងដំណាក់កាលដែល សេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លងកូវីដ១៩ ៕ដោយ​ខា​ដា​

To Top