សេដ្ឋកិច្ច

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ស្នើប្រជាកសិករពង្រីកសមត្ថភាពការដាំដុះបន្លែសុវត្ថិឲ្យបានទិន្នផលខ្ពស់ ជំនួសឲ្យការនាំចូលបន្លែពីក្រៅប្រទេស

ភ្នំពេញ៖លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការស្នើសុំដល់បងប្អូនប្រជាកសិករធ្វើការពង្រឹង និងពង្រីកសមត្ថភាពការដាំដុះបន្លែសុវត្ថិអោយបានទិន្នផលខ្ពស់ដើម្បីធ្វើការផ្គត់ផ្គង់ ចូលទីផ្សារជំនួសអោយការនាំចូលបន្លែពីក្រៅប្រទេស។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុង កម្មវិធីទស្សនៈកិច្ចសិក្សារបស់កសិករគំរូដាំដុះបន្លែមកកាន់ក សិដ្ឋានបន្លែសុវត្ថិភាពកោះធំ ស្ថិតនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល លោក កៅ ថាច បានគូសរំលេច ជូនដល់បងប្អូនកសិករគំរូ ដែលមានវត្តមាន អំពីមូលហេតុចម្បងមួយចំនួន ដែលនាំអោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមគាំទ្រគម្រោង កសិដ្ឋានបន្លែសុវត្ថិភាពកោះធំនេះឲ្យចេញជារូបរាងឡើង ក្នុងនោះមាន៖
១.អំពីការផ្គត់ផ្គង់បន្លែរបស់បងប្អូនកសិករខ្មែរចូលទីផ្សារនៅមានកំរិត និងមិនអាចឆ្លើយតបបានគ្រប់គ្រាន់សម្រាប់ការប្រើសប្រាស់ក្នុងស្រុក ដូចនេះ យើងត្រូវធ្វើការនាំចូលបន្លែបន្ថែមពីក្រៅប្រទេស។ ក្នុងករណី យើងទាំងអស់គ្នាពិតជាបានទទួលស្គាល់ហើយថា បន្លែនាំចូលទាំងនោះមួយចំនួនបានផ្ទុកសារធាតុគីមី ដែលធ្វើអោយប៉ះពាល់សុខមាលភាពបងប្អូនប្រជាពលរដ្ឋអ្នកប្រើសប្រាស់។ ហេតុនេះហើយ បានជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្នុងនាមលោកផ្ទាល់ ចង់ឃើញប្រជាកសិករខ្មែរ ដាំដុះបន្លែដោយគ្មានជាតិគីមី និងមានសុវត្ថិភាពខ្ពស់ អោយបានច្រើន ដើម្បីធ្វើការផ្គត់ផ្គង់បន្លែក្នុងស្រុកអោយបានគ្រប់គ្រាន់ មាននិរន្តភាព និងអាចឈានដល់ការនាំចេញបានទៅក្រៅប្រទេសបាន។ ដូចនេះ តាមរយៈទស្សកិច្ចសិក្សារបស់កសិករគំរូនៅថ្ងៃនេះ លោក កៅ ថាច បានធ្វើការស្នើសុំដល់បងប្អូនប្រជាកសិករធ្វើការពង្រឹង និងពង្រីកសមត្ថភាពការដាំដុះបន្លែសុវត្ថិអោយបាន ទិន្នផលខ្ពស់ដើម្បីធ្វើការផ្គត់ផ្គង់ ចូលទីផ្សារជំនួសអោយការនាំចូលបន្លែពីក្រៅប្រទេស។

២.អំពីបច្ចេកទេសដាំដុះបន្លែរបស់បងប្អូននៅមានកំរិត និងមានផ្នត់គំនិតមិនមែនជាសហគ្រិន។ ពាក់ព័ន្ធចំនុចនេះ តាមរយៈកម្មវិធីទស្សនៈកិច្ចសិក្សា លោក កៅ ថាច ចង់ទាញចំណាប់អារម្មណ៍របស់បងប្អូនកសិករគំរូ អោយមានឆន្ទះមុះមុតក្នុងការកែប្រែទំលាប់ការដាំដុះបន្លែដោយធ្វើក្នុងនាមសហគ្រិន ពោលគឺការដាំដុះបន្លែដើម្បីធ្វើជាពាណិជ្ចកម្ម ផ្គត់ផ្គង់ក្នុងស្រុកអោយបានគ្រប់គ្រាន់ និងមានសមត្ថភាពអាចនាំចេញទៅក្រៅប្រទេសបាន។ ការណ៍នេះ លោក កៅ ថាច មានជំនឿជាក់ថា កាលណាបងប្អូនការកែប្រែទម្លាប់ក្នុងការដាំដុះបាន នោះជីវភាពរបស់ប្អូននឹងមានការកែប្រែកាន់តែប្រសើរ និងជួយកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋបាន។

៣.អំពីការយកចិត្តទុកដាក់អំពីគោលការណ៍ស្តង់ដារសុវត្ថិភាព ក្នុងឱកាសនេះ លោក កៅ ថាច បានធ្វើការស្នើសុំបងប្អូនជាកសិករ ដាំដុះបន្លែសូមធ្វើការយកចិត្តទុកដាក់ខ្ពស់អំពីគុណភាព និងអនុវត្តតាមគោលការណ៍កសិកម្មល្អ ៕

To Top