សេដ្ឋកិច្ច

រដ្ឋមន្ត្រីកសិកម្ម៖ ផលដាយត្រីសម្រាប់ធ្វើប្រហុក ផ្អកឆ្នាំនេះ ធ្លាក់ចុះជាង ៤ពាន់តោន

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ផលនេសាទ ដាយត្រីទឹកសាប សម្រាប់ធ្វើប្រហុក ផ្អក អាចធ្លាក់ចុះប្រមាណ ៣១% ស្មើនឹងចំនួន ៤៤២០តោន បើធៀបឆ្នាំ២០១៩ ។

ក្នុងឱកាសចុះពិនិត្យសកម្មភាពពលរដ្ឋ មកពីគ្រប់ទិសទីកំពុងមមាញឹក សស្រាក់សស្រាំទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ ទុកជាស្បៀងប្រចាំឆ្នាំ នៅគន្លងដាយត្រីលេខ ១៣ ១៤ និង ១៥ (កំពង់ហ្លូង) ក្នុងស្រុកពញាឭ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២២ ខែធ្នូ លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា «បើគិតជាផលចាប់ទឹកសាបសរុប ក្នុងឆ្នាំនេះអាចមានកម្រិតទាប ជាងឆ្នាំកន្លងមកប្រមាណ ១៣% ដោយសារកម្ពស់ទឹកជំនន់ទន្លេមេគង្គ ស្ថិតក្នុងកម្រិតទាបហើយ បានអូសបន្លាយជាងមួយខែ» ។

លោករដ្ឋមន្ត្រី បន្ថែមថា បើយោងតាមសេចក្តី រាយការណ៍ របស់មន្ត្រីរដ្ឋបាលជលផលកម្រិតកំពស់ទឹក នៅទីតាំងដាយត្រី នាពេលបច្ចុប្បន្នមានកំពស់ខ្ពស់ជាងឆ្នាំ២០១៩ ចំនួនមួយម៉ែត្រនៅឡើយ ហើយល្បឿននៃទឹកហូរវិញ ក៏មានសភាពហូរខ្លាំងល្អ ដែលជាក្តីសង្ឃឹមថា នៅខ្នើតក្រោយអាចមាន ត្រីបន្តចេញពីទន្លេសាបបន្តទៀត ។ តែទោះជាយ៉ាងណា តាម លក្ខណៈបច្ចេកទេស រួមទាំងវិសាលភាពនៃ ទឹកជំនន់ក្នុងបឹងទន្លេសាប ការប្រែប្រួលអាកាសធាតុ រដ្ឋបាលជលផលបានព្យាករណ៍ផលចាប់សរុប តាមដាយ ត្រីសម្រាប់ឆ្នាំនេះអាចទាបជាងឆ្នាំ២០១៩ ប្រហែលជា ៣១% ពី ១៤ ៣២០តោន មកនៅត្រឹម ៩ ៩០០តោន នាឆ្នាំនេះ។

លោកបន្តថា ចំពោះផលនេសាទក្នុងដែននេសាទនាឆ្នាំ២០១៩ មានចំនួន ៣២៦ ៥០០តោន ហើយឆ្នាំ២០២០ មានចំនួន២៦៨ ០០០តោន។ ទន្ទឹមនឹងនេះ ផលដែលទទួលបានពីការធ្វើវារីវប្បកម្ម មានការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបក្នុងឆ្នាំ២០១៩ មានចំនួន ៣០៧ ៤០៨តោន និងឆ្នាំនេះអាចទទួលបានចំនួន ៤០០ ៤០០តោន។ តួលេខនេះ បានបញ្ចាក់យ៉ាងច្បាស់ថា អនុវិស័យវារីវប្បកម្មបាននិងកំពុង បំពេញតួនាទីយ៉ាងសំខាន់ៗក្នុងការផ្គត់ផ្គង់ ឲ្យទីផ្សារក្នុងស្រុក ជំនួសឲ្យផលនេសាទដាយត្រី និងផលនេសាទក្នុងដែននេសាទ ស្របតាមបំណងប្រាថ្នារបស់សម្តេចតេជោ គឺត្រូវជំរុញផលិតកម្មស្បៀងតាមរយៈ ការចិញ្ចឹមត្រីជាលក្ខណគ្រួសារ។

ម្ចាស់ដាយត្រីបានបញ្ជាក់ឲ្យដឹងថា ថ្ងៃដំបូងត្រីប្រហុកចុះច្រើន ដាយលេខ ១៣ និង ១៤ លើកម្តងៗបានប្រមាណជា ១ ០០០គ.ក្រ ហើយ ១ម៉ោងលើកម្តង។ ដោយសារថ្ងៃនេះជាថ្ងៃទី៣ ដែលមានសន្ទះត្រីចុះបានគ្រាន់បើ ប្រសើរជាងពីរថ្ងៃដំបូងតម្លៃត្រីប្រហុកហាក់ខ្ពស់បន្តិចគឺមានតម្លៃ ៥ ០០០រ/គ.ក្រ។ ដោយឡែក ដាយលេខ ១៥ លើកម្តងបានប្រមាណ ជា ១ ០០០-១ ៥០០គ.ក្រ ហើយតម្លៃក៏ល្អជាងគឺ ៣ ០០០រ/គ.ក្រ ៕

To Top