សេដ្ឋកិច្ច

Update: ADB បន្ថយការព្យាករ​ កំណើន​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ ២០២១ តែរំពឹង​ថា វានឹង​កើន​ឡើងវិញ ក្នុងឆ្នាំ ២០២២ (Video)

ភ្នំពេញ៖ សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើងត្រឹម ១,៩% ក្នុងឆ្នាំ ២០២១ ដោយសារការអូសបន្លាយ នៃជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែការងើប​ឡើងវិញ​នៅកម្រិត ៥,៥% ត្រូវបានរំពឹងទុក​សម្រាប់ឆ្នាំ ២០២២ នេះបើយោងតាម​ការធ្វើ បច្ចុប្បន្នភាពថ្មីមួយ​ ដោយ​ធនាគារ​​អភិវឌ្ឍន៍​អាស៊ី (ADB)​ ដែលត្រូវបានផ្សព្វផ្សាយ នាថ្ងៃ ពុធ ទី២២ ខែកញ្ញា ឆ្នាំ ២០២១។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន មានប្រសាសន៍ថា “ជំងឺរាតត្បាត​ដែលអូសបន្លាយពេលយូរ បានធ្វើឱ្យប៉ះពាល់​ដល់សេវាកម្ម និង តម្រូវការ ក្នុងស្រុក។ ការបិទខ្ទប់ និង ការផ្អាកដំណើរការ​រោងចក្រ​បណ្តោះអាសន្ន បានប៉ះពាល់ដល់ផលិតកម្​ក្នុង    វិស័យកាត់ដេរ ទំនិញធ្វើដំណើរ និង ស្បែកជើង កាលពីដើមឆ្នាំនេះ។ ដោយផ្អែក​លើចំណុចនេះ យើង ព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានត្រឹម ១,៩% នៅឆ្នាំ ២០២១ ទាបជាងការព្យាករ ៤,០% របស់យើងកាលពីខែមេសា។”

យោងតាម ការធ្វើបច្ចុប្បន្នភាពចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADOU) ឆ្នាំ ២០២១  វិស័យកសិកម្ម ត្រូវបានរំពឹងថា នឹងកើនឡើង ១,៥%។ ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងប្រទេស បានរំខានដល់សង្វាក់ ផ្គត់ផ្គង់វិស័យកសិកម្ម ប៉ុន្តែផលប៉ះពាល់ ជាទូទៅ​មានកម្រិត។ ការនាំចេញក្នុងវិស័យកសិកម្ម បានកើន ឡើង ៣០,៣% ក្នុងឆមាស​ទីមួយនៃឆ្នាំ ២០២១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹង កំណើនដ៏រឹងមាំនៃការនាំចេញ កសិផលក្រៅពីអង្ករ។

តម្រូវការក្នុងស្រុក​សម្រាប់ម្ហូបអាហារ ការស្នាក់នៅ ការដឹកជញ្ជូន និង សេវាកម្មបម្រើ​ផ្ទាល់ផ្សេង ទៀត ត្រូវបានប៉ះពាល់​យ៉ាងខ្លាំង ​ដោយសារការផ្ទុះឡើង​​នៃជំងឺកូវីដ១៩ និងការបិទខ្ទប់នានា។ ការរឹតបន្តឹង លើការធ្វើដំណើរអន្តរជាតិ​ នៅតែមាន ហើយការមកដល់ នៃភ្ញៀវអន្តរជាតិ​ បានធ្លាក់ចុះ ៩១,៣% ក្នុង ឆមាស​ទីមួយនៃឆ្នាំ ២០២១ ធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន។ កំណើនវិស័យ​សេវាកម្មត្រូវបាន ព្យាករថានឹងធ្លាក់ចុះ ០,៦% នៅឆ្នាំ ២០២១ ។

ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង (GTF) ក្នុងឆមាសទីមួយឆ្នាំ ២០២១ មានកម្រិតទាបជាង​ពេលមុន មានជំងឺរាតត្បាត ទោះបីវា​មានកម្រិត​ខ្ពស់​ជាង​ឆ្នាំ ២០២០ ក៏ដោយ។ ផលិតកម្មផ្សេង ទៀត បានបន្តលូតលាស់ ហើយសកម្មភាពសំណង់ បានចាប់ផ្តើម​ងើប​ឡើង​វិញ ជាមួយនឹង​ការនាំចូល សម្ភារៈសំណង់កើនឡើង ២៣,៥% ក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ ធៀបនឹង​អំឡុងពេលដូចគ្នា​ កាលពីឆ្នាំមុន។ កំណើនវិស័យឧស្សាហកម្ម ត្រូវបានព្យាករ នៅកម្រិត ៥,៣% ក្នុងឆ្នាំ ២០២១ ដោយអាស្រ័យ នឹងលទ្ធភាព​ក្នុងការបង្កើន​ការនាំចេញ​សម្លៀកបំពាក់ ទំនិញ​ធ្វើដំណើរ និងស្បែកជើង និង ការបន្តនៃភាព រឹងមាំក្នុងវិស័យកម្មន្តសាល​ផ្សេងទៀត។

រាជរដ្ឋាភិបាលបានចាត់វិធានការ ដើម្បីកាត់បន្ថយ​ផលប៉ះពាល់នៃជំងឺរាតត្បាត ទៅ​លើ​សេដ្ឋកិច្ច និងសង្គម។ វិធានការទាំងនោះ រួមមានការផ្តល់វ៉ាក់សាំង និង ការព្យាបាល ជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ ការជួយឧបត្តម្ភ ជាសាច់ប្រាក់ ដល់គ្រួសារក្រីក្រ ការជំរុញសេដ្ឋកិច្ច និង កម្មវិធីរៀបចំកម្ចីឡើងវិញ (loan restructuring)។

លោកស្រី Durrani-Jamal បានមានប្រសាសន៍បន្ថែមថា “ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងធ្វើឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលនឹងត្រូវបន្តពង្រឹងប្រព័ន្ធគាំពារ សង្គមរបស់ខ្លួន និង លើកកម្ពស់គុណភាពសេវាថែទាំសុខភាពនិងការអប់រំ។ កំណែទម្រង់បន្ត ក៏ចាំបាច់ ផងដែរដើម្បីទាក់ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់ រួមទាំងហេដ្ឋារចនា សម្ព័ន្ធឌីជីថល។ ការធ្វើកំណែ ទម្រង់ ដើម្បីលើកកម្ពស់ការអនុវត្តមុខងារសាធារណៈ ក៏ជាមូលដ្ឋានគ្រឹះ ក្នុងការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពប្រកួតប្រជែងអន្តរជាតិរបស់ប្រទេសផងដែរ” ។

បច្ចុប្បន្នធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគ ដែលមានតម្លៃ ២,០៨ ពាន់លាន ដុល្លារ នៅកម្ពុជា។ ក្នុងឆ្នាំ ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ប្រាក់កម្ចី និង ជំនួយឥតសំណង ៤៧៧,២ លានដុល្លារដល់ប្រទេសកម្ពុជា និងផ្តល់បន្ថែមចំនួន ២៨១,៣ លានដុល្លារទៀត តាមរយៈ សហហិរញ្ញប្បទាន។ ទឹកប្រាក់បម្រុងពី ADB សម្រាប់ឆ្នាំ ២០២១-២០២៤ រួមមានប្រាក់កម្ចីសម្បទាន ចំនួន ១,៤៩ ពាន់លានដុល្លារ និង ជំនួយឥតសំណង ៣១,៨ លានដុល្លារ ត្រៀមគាំទ្រដល់ការអភិវឌ្ឍ សេដ្ឋកិច្ច  និង ការងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ១៩ របស់កម្ពុជា។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេច ឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំ​ប្រឹងប្រែង ដើម្បី​លុប​បំបាត់​ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារ​នេះគ្រប់គ្រង​ដោយ​សមាជិក​ចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពី​តំបន់​ខាង​លើនេះ៕

To Top