ព័ត៌មានអន្តរជាតិ

កូរ៉ូណាវីរុសរបស់ប្រទេសចិន បានរីករាលដាលដល់ខេត្ត នៅជិតកូរ៉េខាងជើង

បរទេស៖កូរ៉ូណាវីរុស តាមសេចក្តីរាយការណ៍ កំពុងតែរីករាលដាលយ៉ាងលឿន ទៅកាន់តំបន់នានា ស្ថិតនៅជិតព្រំដែនកូរ៉េខាងជើង ហើយនេះជាសញ្ញាបង្ហាញថា ការផ្ទុះសាយភាយនៃវីរុស ដែលឆ្លងមនុស្សរាប់ពាន់នាក់នេះ ជាចុងក្រោយ អាចនឹងចូលទៅដល់ប្រទេសកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មាន Yanbian Daily មានមូលដ្ឋាន នៅក្នុងប្រទេសចិនភាគឦសាន បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ពីការរកឃើញ អ្នកជំងឺឆ្លងវីរុសកូរ៉ូណា នៅក្នុងទីក្រុងយ៉ានបៀន ជាតំបន់មានជនជាតិកូរ៉េភាគច្រើន នៅជាប់កូរ៉េខាងជើង។

ទីក្រុងយ៉ានបៀន មានទីតាំងស្ថិតនៅក្នុងខេត្តជីលិន ហើយនៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទូរទស្សន៍កូរ៉េខាងត្បូង ឈ្មោះ SBS បានរាយការណ៍ថា អ្នកជំងឺសរុបទាំងអស់ មានចំនួនពីរនាក់ នៅក្នុងទីក្រុងយ៉ានបៀន ហើយអ្នកជម្ងឺម្នាក់ ត្រូវបានគេស្គាល់អត្តសញ្ញាណថា ជាបុរសកូរ៉េកាត់ចិនអាយុ២៧ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅក្នុងទីក្រុងវូហាន៕ ប្រែសម្រួល៖ប៉ាង កុង

To Top