ព័ត៌មានអន្តរជាតិ

មេដឹកនាំ កូរ៉េខាងជើង និងវៀតណាម ប្តេជ្ញាពង្រឹង ចំណងមិត្តភាព

បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីវៀតណាម លោក Nguyen Phu Trong តាមសេចក្តីរាយការណ៍ បានប្តេជ្ញាពង្រឹងចំណងមិត្តភាព រវាងប្រទេសទាំងពីរ នៅថ្ងៃសុក្រនេះ ដែលជាគម្រប់ខួប លើកទី៧០ នៃការបង្កើតចំណងមិត្តភាពការទូត។

នៅក្នុងលិខិតមួយផ្ញើជូន មេដឹកនាំវៀតណាម លោក គីម ជុងអ៊ុន បាននិយាយថា ចំណងមិត្តភាព រវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើន ប្រសើរឡើងយ៉ាងស៊ីជម្រៅ ក្នុងស្មារតីនៃកិច្ចព្រមព្រៀង ដែលពួកគេ បានបង្កើតឡើង នៅក្នុងអំឡុងជំនួបមួយ នៅទីក្រុងហាណូយ កាលពីខែមីនាឆ្នាំមិញ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន កណ្ដាលរបស់កូរ៉េខាងជើង។

នៅក្នុងលិខិតដដែលនោះ មេដឹកនាំកូរ៉េខាងជើង បាននិយាយយ៉ាងដូច្នេះថា “ចំណងមិត្តភាពដ៏ល្អ រវាងប្រទេសទាំងពីរ ត្រូវបានផ្តល់ឲ្យ ដោយផ្ទាល់ ដោយសមមិត្ត គីម អ៊ីលស៊ុង ជាមេដឹកនាំដ៏អស្ចារ្យរបស់ ប្រជាជនកូរ៉េខាងជើង និងសមមិត្ត ហូ ជីមីញ ជាមេដឹកនាំដ៏គួរ ឲ្យគោរពរបស់ ពលរដ្ឋវៀតណាមនោះ ត្រូវបានអភិវឌ្ឍជាប់ជានិច្ច ក្នុងកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីបុព្វហេតុសង្គមនិយម សម្រាប់រយៈពេល៧០ឆ្នាំកន្លងមក”៕ ប្រែសម្រួល៖ប៉ាង កុង

To Top