ព័ត៌មានអន្តរជាតិ

ចិនកំពុងតែប្រឈមមុខ នឹងភាពឯកោលើពិភពលោក ព្រោះតែវីរុស ថ្មីកើនឡើងខ្ពស់

បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានប្រឈមមុខនឹងភាពឯកោកាន់តែខ្លាំង ក្នុងទីចំពោះមុខនៃការបង្កើនដាក់បម្រាមធ្វើដំណើរនិងផ្អាកជើងយន្តហោះអន្តរជាតិ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ស្របពេលដែលចំនួនអ្នកស្លាប់បណ្ដាលមកពី ផ្ទុះឆ្លងរាលដាលនៃកូរ៉ូណាវីរុស បានកើនឡើងដល់២៥៩នាក់។

យោធារុស្ស៊ី តាមសេចក្តីរាយការណ៍ នឹងចាប់ផ្តើមជម្លៀសពលរដ្ឋរុស្ស៊ី ចេញពីប្រទេសចិន នៅថ្ងៃចន្ទនិងថ្ងៃអង្គារសប្ដាហ៍ក្រោយ ហើយមន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានគេដកស្រង់សម្តីថា ការជម្លៀសនេះ នឹងត្រូវចេញពីតំបន់នានាដែលមានការឆ្លងវីរុសថ្មីនេះច្រើនបំផុត។ 

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក ដែលនៅសប្ដាហ៍នេះបានប្រកាសការផ្ទុះរីករាលដាលឆ្លងវីរុសថ្មី ថាជាភាពអាសន្នផ្នែកសុខភាពជាសាធារណៈនៃក្តីព្រួយបារម្ភអន្តរជាតិនោះ បាននិយាយថា ការដាក់កំហិតលើការធ្វើជំនួញនិងការធ្វើដំណើរលើពិភពលោក មិនមែនជារឿងចាំបាច់នោះទេ។ 

ប៉ុន្តែសហរដ្ឋអាមេរិកនិងប្រទេសសិង្ហបុរី នៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសចំណាត់ការនានា ហាមជនជាតិបរទេស ដែលបាននៅក្នុងប្រទេសចិនថ្មីៗនេះ មិនឲ្យចូលទៅក្នុងទឹកដីខ្លួននោះឡើយ ហើយអូស្ត្រាលី ក៏បានធ្វើបែបនេះដែរ នៅថ្ងៃសៅរ៍ម្សិលមិញនេះ៕

 ប្រែសម្រួល៖ប៉ាង កុង 

To Top