ព័ត៌មានអន្តរជាតិ

អាជ្ញាធរប៉ាឡេស្ទីន កាត់ផ្តាច់ចំណងមិត្តភាព ជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក

បរទេស៖ ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas បាននិយាយនៅពេលថ្មីៗនេះថា លោកបានកាត់ផ្ដាច់ចំណងមិត្តភាពជាមួយអាមេរិក និងប្រទេសអ៊ីស្រាអែលហើយ ស្របពេលដែលប្រទេសអារ៉ាប់នានា បានច្រានចោលផែនការសន្តិភាពតំបន់មជ្ឈិមបូព៌ា របស់រដ្ឋបាលលោក ត្រាំ។ 

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអារ៉ាប់ លោក Mahmoud Abbas បាននិយាយថា “យើងបានជូនដំណឹង ដល់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក ស្តីពីការសម្រេចចិត្តនេះ តាមរយៈលិខិតពីរ ហើយយើងបានជូនដំណឹងពួកគេថា ប្រទេសអ៊ីស្រាអែលបានលុបចោលកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយប៉ាឡេស្ទីន និងរំលោភលើភាពស្របច្បាប់អន្តរជាតិ ដែលផ្អែកលើកិច្ចព្រមព្រៀងទាំងនេះ”។ 

គួរបញ្ជាក់ថា ផែនការរបស់រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានកំណត់កាត់ចំណែកដីសម្រាប់រដ្ឋប៉ាឡេស្ទីន ប៉ុន្តែទីលំនៅមិនស្របច្បាប់ នៅក្នុងទឹកដីប៉ាឡេស្ទីន នាពេលបច្ចុប្បន្ននេះ នឹងត្រូវដាក់បញ្ចូល ជាឧបសម្ព័ន្ធរបស់ប្រទេសអ៊ីស្រាអែល៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top