ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន រៀបចំមូលដ្ឋាន យោធាបន្ថែមចំនួន ៤ ដែលជាមជ្ឈមណ្ឌល ដាក់អ្នកដែលសង្ស័យ អំពីជំងឺរលាកសួតនៅចិន

បរទេស ៖ មន្រ្តីមន្ទីរបញ្ចកោណ បានបង្ហើប ឱ្យដឹង កាលពីថ្ងៃសៅរ៍ថា មូលដ្ឋានទ័ពអាមេរិកចំនួន ៤ ត្រូវបានរៀបចំ ដើម្បីជួយដល់ក្រសួង សុខាភិបាល និង សេវាមនុស្ស របស់សហរដ្ឋអាមេរិក (HHS) និងសម្រាប់ជាជម្រក របស់ពលរដ្ឋអាមេរិក ដែលអាចត្រូវបានប៉ះពាល់ នឹងវីរុសវ៉ូហាន នៅក្រៅប្រទេស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹង ដោយយោងតាមគេហទំព័រ Military.com ដែលផ្សាយថា រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Mark Esper បានយល់ព្រមលើសំណើ របស់ក្រសួងសុខាភិបាល និងសេវាមនុស្ស ដើម្បីផ្តល់ជម្រកដល់មនុស្ស ប្រមាណ ១.០០០ នាក់ ដែលប្រហែលជាត្រូវ បានប៉ះពាល់នឹងវីរុសដ៏សាហាវ នៅពេលធ្វើដំណើរ ទៅបរទេស។

ក្រុមមន្រ្តីបាននិយាយ កាលពីថ្ងៃសៅរ៍ថា មន្រ្តីក្រសួងសុខាភិបាល បានស្នើសុំដល់ក្រសួងការពារជាតិ ដើម្បីផ្តល់កន្លែងជាច្រើន ដែលមានសមត្ថភាព អាចស្នាក់នៅបានយ៉ាងតិច ២៥០ នាក់នៅក្នុងបន្ទប់នីមួយៗ រហូតដល់ថ្ងៃទី ២៩ ខែកុម្ភៈឆ្នាំ ២០២០ ។

មូលដ្ឋានទ័ពទាំងបួន គឺកងវរសេនាធំទី ១៦៨, វិទ្យាស្ថានបណ្តុះបណ្តាលក្នុងតំបន់ នៅមូលដ្ឋានទ័ព Fort Carson រដ្ឋ Colorado; មូលដ្ឋានទ័ពអាកាស Travis នៅរដ្ឋ California; មូលដ្ឋានទ័ពអាកាស Lackland នៅរដ្ឋតិចសាស់ និងស្ថានីយ៍អាកាស Marine Corps នៅរដ្ឋកាលីហ្វ័រញ៉ា។ ក្រសួងការពារជាតិសហរដ្ឋអាមេរិក (DOD) ក៏នឹងផ្តល់ការថែទាំសុខភាព ការដឹកជញ្ជូន និងសន្តិសុខ សម្រាប់ពលរដ្ឋ ដែលមានមូលដ្ឋាននៅលើមូលដ្ឋានទាំងនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top