ព័ត៌មានអន្តរជាតិ

ទោះបីមេដឹកនាំ កូរ៉េខាងជើង ត្រូវប្តូរ ក៏អាមេរិក នៅតែរក្សាគោលការណ៍ ជំរុញការរំសាយ អាវុធនុយក្លេអ៊ែរ ក្នុងប្រទេសនេះដដែល

តូក្យូ៖ រដ្ឋមន្រ្តីក្រសួង ការបរទេសអាមេរិក លោក Mike Pompeo បាននិយាយកាលពីថ្ងៃពុធថា លោកមិនមានព័ត៌មាន អំពីសុខភាព របស់មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន នោះទេ ប៉ុន្តែថា សហរដ្ឋអាមេរិក នឹងជំរុញឱ្យមានការរំសាយ អាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដដែល ដោយមិនគិតពីការផ្លាស់ប្តូរ មេដឹកនាំនៅក្នុង ប្រទេសនេះឡើយ។

យោងតាមសារព័ត៌មាន Kyodo ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកគីម បានឃ្លាតឆ្ងាយពីក្រសែភ្នែក សាធារណជនអស់រយៈពេល ប្រហែលពីរសប្តាហ៍ ដែលជំរុញឱ្យមានការសង្ស័យ អំពីស្ថានភាពសុខភាពរបស់លោក និងការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីអ្វីដែលនឹងកើតឡើងជាមួយប្រទេស ដែលមានអាវុធ នុយក្លេអ៊ែរមួយនេះ ក្នុងករណីនៃមរណភាពភ្លាមៗ នៃមេដឹកនាំតំណពូជជំនាន់ទីបី ។

លោក Pompeo បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មាននៅឯក្រសួងការបរទេសថា “ខ្ញុំមិនមានអ្វី ដែលត្រូវបន្ថែម ទៅលើស្ថានភាពរបស់លោកប្រធានគីមទេ” ។

ប៉ុន្តែការកត់សម្គាល់ថា លោកបានជួបជាមួយប្អូនស្រី របស់លោកគីមជុងអ៊ុន គឺលោកស្រី គីមយូជុង ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ថាជាអ្នកស្នងតំណែងបន្ត នៅពេលលោកធ្វើដំណើរកន្លងមក។ លោក Pompeo បាននិយាយថា “ បេសកកម្មរបស់យើងគឺដូចគ្នា ដោយមិនគិតពីអ្វីដែលបានកើតឡើងនៅក្នុងប្រទេសកូរ៉េខាងជើង ដោយគោរពតាមការដឹកនាំរបស់ពួកគេ ហើយនោះគឺជាការរំសាយអាវុធនុយក្លេអ៊ែរ ដែលបានផ្ទៀងផ្ទាត់ ពេញលេញរបស់កូរ៉េខាងជើង។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News នៅថ្ងៃដដែលនោះលោក Pompeo បាននិយាយថា សហរដ្ឋអាមេរិក កំពុងឃ្លាំមើលយ៉ាងដិតដល់នូវអ្វី ដែលកំពុងកើតឡើងនៅប្រទេសកូរ៉េខាងជើង មិនត្រឹមតែទាក់ទងនឹងមេដឹកនាំ ប្រទេសនេះនោះទេ ប៉ុន្តែក៏ទាក់ទងនឹង បញ្ហាដូចជាមេរោគថ្មី និងលទ្ធភាពនៃការឆ្លងមេរោគផងដែរ៕

ប្រែសម្រួលៈ កុលាប ក្រហម

To Top