ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល វាយប្រហារទីតាំងកងទ័ព ស៊ីរី

បរទេស៖ យោធារបស់ប្រទេសអ៊ីស្រាអែល នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនបានប្រើប្រាស់ឧទ្ធម្ភាគចក្រវាយប្រហារទីតាំងកងទ័ពរបស់ប្រទេសស៊ីរី ដើម្បីជាការឆ្លើយតបចំពោះការបាញ់គ្រាប់ផ្លោង ទៅលើតំបន់ Golan Heights ដែលអ៊ីស្រាអែលកាន់កាប់។ 

ចំនួនគោលដៅ ដែលរងការវាយប្រហារ រួមមានប៉ុស្តិ៍អង្កេតការណ៍កងទ័ពស៊ីរី និងប្រព័ន្ធប្រមូលការណ៍សម្ងាត់ ដែលស្ថិតនៅក្នុងមូលដ្ឋានកងទ័ពរបស់ប្រទេសស៊ីរី នេះបើយោងតាមសម្តីរបស់យោធា និយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសម្តៅដល់កងកម្លាំងប្រដាប់អាវុធស៊ីរី។ 

គួរបញ្ជាក់ថា ការវាយប្រហារនេះ គឺត្រូវបានធ្វើឡើង ក្រោយត្រឹមតែពីរបីម៉ោងបន្ទាប់ពីយោធាអ៊ីស្រាអែលនិយាយថា មានលឺសូរសម្លេងផ្ទុះ ពីផ្នែកនៃតំបន់ Golan Heights ដែលប្រទេសស៊ីរីគ្រប់គ្រង ហើយមិនមានរបាយការណ៍អំពីអ្នករងគ្រោះនោះទេ ប៉ុន្តែអគារមួយកន្លែងនិងរថយន្តអ៊ីស្រាអែលមួយ គ្រឿងបានរងការខូចខាត៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top