ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីបង្រួបបង្រួម កូរ៉េខាងត្បូងថ្មី ស្នើឲ្យមានការផ្លាស់ប្តូរ ក្នុងទំនាក់ទំនងអន្តរកូរ៉េ

បរទេស៖ រដ្ឋមន្ត្រីបង្រួបបង្រួមថ្មី របស់ប្រទេសកូរ៉េខាងត្បូង លោក Lee In-young បានឡើងកាន់តំណែងនៅថ្ងៃចន្ទនេះ និងបានអំពាវនាវឲ្យមានការផ្លាស់ប្តូរ នៅក្នុងចំណងមិត្តភាពអន្តរកូរ៉េ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

បន្ទាប់ពីទទួលបាន ការតែងតាំងពីលោកប្រធានាធិបតី មូន ជេអ៊ីន ភ្លាមនោះ លោក Lee In-young បានធ្វើដំណើរទៅធ្វើការនៅក្រសួង នាម៉ោង២រសៀល ដោយគ្មានការប្រារព្ធ ធ្វើអបអរផ្លូវការនោះទេ ហើយនៅក្នុងសារមួយ ផ្ញើឲ្យមន្ត្រីក្រសួង លោកបានមានប្រសាសន៍ថា “ចូរអនុញ្ញាតឲ្យយើង ធ្វើការផ្លាស់ប្តូរជាមួយមធ្យោបាយ ប្រកបដោយយុទ្ធសាស្ត្រ និងអនុញ្ញាត ឲ្យក្រសួងបង្រួបបង្រួម ស្ថិតនៅកណ្ដាល នៃពេលវេលារបស់កូរ៉េទាំងពីរ”។

គួរបញ្ជាក់ថា លោក Lee In-young ដែលបម្រើការ ជាថ្នាក់ដឹកនាំបក្សលទ្ធិប្រជាធិបតេយ្យ ត្រូវបានជ្រើសរើសឲ្យកាន់តំណែង នៅដើមខែនេះ ដើម្បីចូលមកជំនួសអតីតរដ្ឋមន្ត្រី លោក Kim Yeon-chul ដែលបានលាឈប់ពីតំណែង ជុំវិញចំណងមិត្តភាពអន្តរកូរ៉េ ជាប់គាំងថ្មីៗនេះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top