បរទេស៖ ប្រទេសលីបង់ តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យនេះ បានចាប់ផ្តើមជំរុញការចាក់ថ្នាំ វ៉ាក់សំាងការពារជម្ងឺកូវីដ១៩ ដោយធ្វើការចាក់ជូនប្រធានសុខាភិបាល នៅមន្ទីរពេទ្យដ៏ធំបំផុតក្នុងប្រទេស បន្ទាប់មកលោក Salah Tizani ជាតួសម្តែងនិងជាតារាកម្លែងលីបង់ អបអរវ័យ ៩៣ឆ្នាំរបស់លោក។
នៅមន្ទីរពេទ្យ ជាកន្លែងដាក់អ្នកឆ្លងជម្ងឺកូវីដ១៩ ដំបូងគេក្នុងប្រទេសលីបង់នោះ លោកនាយករដ្ឋមន្ត្រី Hassan Diab បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ខ្ញុំនឹងមិនទទួលថ្នាំវ៉ាក់សំាងនៅថ្ងៃនេះទេ ថ្ងៃនេះមិនមែនជាវេនរបស់ខ្ញុំទេ ហើយអាទិភាពគឺសម្រាប់វិស័យពេទ្យ ដែលបានធ្វើកាតព្វកិច្ចរបស់ខ្លួន និងបានលះបង់ដ៏ធំធេង”។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍បន្តទៀតថា “សម្រាប់អ្នកទាំងឡាយណា ដែលភ័យខ្លាចចំពោះការចាក់ថ្នាំវ៉ាក់សាំងនេះ ខ្ញុំស្បថចំពោះព្រះជាម្ចាស់ថា វាគឺជាគ្រឿងការពារសម្រាប់ពួកគេ”។
គួរបញ្ជាក់ថា ចំនួនដូសថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលបានបញ្ជាទិញសរុប រហូតមកទល់ពេលបច្ចុប្បន្ននេះ នឹងល្មមសម្រាប់ប្រហែលពាក់កណ្ដាល នៃចំនួនប្រជាជនរបស់លីបង់ ដែលរួមបញ្ចូលទាំងជនភៀសខ្លួនស៊ីរី យ៉ាងហោចចំនួន ១លាននាក់ផង ៕
ប្រែសម្រួល៖ ប៉ាង កុង