ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែក នៅឯសាលារៀនមួយ ក្នុងប្រទេសអាហ្វហ្គានីស្ថាន មានរហូតដល់៥០នាក់

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ថា ប៉ូលិសអាហ្វហ្គានីស្ថាន បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៥០នាក់ ទន្ទឹមនឹងនេះដែរ ជាង១០០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកចំនួន៣លើកនៅខាងក្រៅសាលាវិទ្យាល័យមួយកន្លែងនៅក្រុងកាប៊ុល រដ្ឋធានីរបស់ប្រទេសអាហ្វហ្គានីស្ថាន ។

លោក Ferdaus Faramarz អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុល បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានតាមសារមួយថា “មានការបំផ្ទុះគ្រាប់បែកនៅកន្លែងចតរថយន្ត ។ ការបំផ្ទុះផ្សេងទៀត បង្កដោយគ្រាប់បែកកែច្នៃ ដែលកើតឡើងនៅទីតាំងដូចគ្នា” ។

ឧប្បត្តិហេតុ បានកើតឡើងនៅខាងមុខសាលាវិទ្យាល័យ Sayyed-ul-Shuhada នៅក្រុង Etifaq ក្នុងស្រុក Police District 13នៅវេលាម៉ោង៤និង៣០នាទីយប់ ម៉ោងក្នុងស្រុក កាលពីថ្ងៃសៅរ៍ ។

ការវាយប្រហារបានកើតឡើង នៅគ្រាដែលសិស្សនិស្សិត បានចាកចេញពីអគារថ្នាក់រៀន ។ ភាគច្រើននៃជនរងគ្រោះ ជាសិស្សសាលាស្រី ទន្ទឹមនឹងនេះដែរ មានអ្នកឆ្លងកាត់ក៏បានរងនូវផលប៉ះពាល់ ។

មិនទាន់មានក្រុមណាមួយ ប្រកាសទទួលខុសត្រូវ សម្រាប់ការវាយប្រហារនេះនៅឡើយទេ ។ ក្រុមសកម្មប្រយុទ្ធតាលីបង់ បានបដិសេធ ពីការពាក់ព័ន្ធ នឹងក្រុមបះបោរ របស់ពួកគេ នៅក្នុងឧប្បត្តិហេតុ និងបានចោទ ទៅលើក្រុមរដ្ឋស្លាម ដែលបង្កឲ្យស្លាប់ ដោយការវាយប្រហារនេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top