ព័ត៌មានអន្តរជាតិ

ឆេះរោងចក្រ ផលិតថ្នាំកម្ចាត់សត្វល្អិត នៅឥណ្ឌា បង្កឲ្យស្លាប់និងរបួស ជាង១០នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ថា ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន៤នាក់ស្លាប់ និង១៣នាក់ផ្សេងទៀតបានរងរបួស នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការឆាបឆេះ រោងចក្រផលិតថ្នាំកម្ចាត់សត្វល្អិតមួយកន្លែង នៅរដ្ឋ Tamil Nadu ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។

អគ្គីភ័យបានឆាបឆេះឡើង នៅតំបន់ Kudikadu គឺរោងចក្រ State Industries Promotion Corporation of Tamil Nadu (SIPCOT)នៅក្នុងស្រុក Cuddalore ចម្ងាយប្រមាណ១៨១គីឡូម៉ែត្រស្ថិតនៅភាគខាងត្បូង Chennai រដ្ឋធានីនៃរដ្ឋ Tamil Nadu ។

មន្ត្រីពន្លត់អគ្គីភ័យមួយរូបបាននិយាយថា “បុរសចំនួន០៣នាក់ និងស្ត្រីម្នាក់បានស្លាប់ និង១៣នាក់ផ្សេងទៀតបានរងរបួស ក្រោយពីអគ្គីភ័យបានឆាបឆេះឡើងនៅខាងក្នុងរោងចក្រផលិតថ្នាំកម្ចាត់សត្វល្អិតមួយកន្លែង នៅតំបន់ Cuddalore SIPCOT ” ។ មូលហេតុនៃការបង្កឲ្យមានអគ្គីភ័យកើតឡើងមិនទាន់ដឹងនៅឡើយទេ ។

យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា មានផ្ទុះនៅក្នុងរោងចក្រផលិតថ្នាំកម្ចាត់សត្វល្អិត ចេញពីម៉ាស៊ីនរ៉េអាក់ទ័រ នៅក្នុងរោងចក្រនោះ នៅពេលមានអគ្គីភ័យឆាបឆេះ ។

ប៉ូលិសបានកត់ត្រាមួយករណី និងបានដាក់បញ្ជាឲ្យធ្វើការស៊ើបអង្កេត ទៅលើការផ្ទុះឆេះនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top