ព័ត៌មានអន្តរជាតិ

ចិននិយាយថា នឹងលើកកម្ពស់ ការដឹកនាំ បក្សកុម្មុយនិស្ត នៅតំបន់ទីបេ

បរទេស៖ មន្ត្រីជាន់ខ្ពស់ចិនប្រចាំនៅតំបន់ទីបេ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសចិន នឹងធ្វើការលើកកម្ពស់ការដឹកនាំ របស់បក្សកុម្មុយនិស្តនៅតំបន់ទីបេ ដើម្បីពង្រឹងបន្ថែមនូវការអភិវឌ្ឍសេដ្ឋកិច្ច និងណែនាំសង្គមទីបេ ដោយអនុលោមតាមលទ្ធិសង្គមនិយម។ 

កងទ័ពចិនបានចូលក្នុងតំបន់ទីបេ នៅក្នុងឆ្នាំ១៩៥០ ហើយមួយឆ្នាំក្រោយមក រដ្ឋាភិបាលចិន បានទទួលបានការគ្រប់គ្រងជាផ្លូវការលើតំបន់នោះ និងអ្នកទីបេដែលជឿមុតមាំលើព្រះពុទ្ធសាសនា។ ចំណែកសម្តេចសង្ឃ ដាឡៃឡាម៉ា បានភៀសព្រះអង្គចេញពីតំបន់ទីបេ នៅក្នុងឆ្នាំ១៩៥៩ ក្រោយបរាជ័យក្នុងការបះបោរមួយប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងប៉េកាំង លេខាធិការបក្សកុម្មុយនិស្តប្រចាំនៅតំបន់ទីបេ លោក Wu Yingjie បានមានប្រសាសន៍ប្រាប់ថា “ជាបឋមនិងសំខាន់បំផុត យើងត្រូវតែលើកកម្ពស់ការដឹកនាំរបស់បក្សកុម្មុយនិស្តរបស់ប្រទេសចិន”។ 

លោក Wu Yingjie បានមានប្រសាសន៍បន្ថែមទៀតថា “ចាប់តាំងពីការរំដោះតំបន់ទីបេដោយសន្តិវិធីនៅក្នុងឆ្នាំ១៩៥១មក មនុស្សគ្រប់រូបបានដឹងថា មានតែជាមួយការដឹកនាំបក្សប៉ុណ្ណោះ អាចឲ្យទីបេបន្តលើផ្លូវនៃការអភិវឌ្ឍប្រកបដោយភាពរីកចម្រើននេះ”៕  

ប្រែសម្រួល៖ប៉ាង កុង 

To Top