ព័ត៌មានអន្តរជាតិ

អាមេរិក បង្កើនជំហចរចា ប៉ុន្ដែកូរ៉េខាងជើង ទំនងជាបន្ដ មិនឆ្លើយតបដដែល

វ៉ាស៊ីនតោន៖ អ្នកជំនាញអាមេរិកបានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ក្នុងការចូលរួមជាមួយប្រទេសកូរ៉េខាងជើង ដោយតែងតាំងប្រេសិតពិសេស ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង ជាពិសេស។

នៅក្នុងសន្និសីទកាសែតរួមគ្នា ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន លោក ចូ បៃដិន បានប្រកាសតែងតាំងលោកឧបការីរដ្ឋមន្រ្តីស្តីទីលោក Sung Kim ក្នុងនាមជា“ បេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើង” ដើម្បីជួយជំរុញរាល់កិច្ចប្រឹងប្រែងទាំងនេះ ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ នៃឧបទ្វីបកូរ៉េ។

លោក ចូ បៃដិន បានពណ៌នាលោក គីម ថាជា“ អ្នកការទូតអាជីព ដែលមានជំនាញខាងគោលនយោបាយយ៉ាងស៊ីជម្រៅ” ហើយបើទោះជាមានការបង្កើនជំហចរចាយ៉ាងនេះក្ដី ក៏ប្រទេសកូរ៉េខាងជើង ទំនងជាទុកចោលសំណើនេះបន្ដទៀត ដោយសារតែខ្លួន មិនបានអើពើជាយូរមកហើយ។

អ្នកជំនាញអាមេរិកលោក Celeste Arrington  បានលើកឡើងថា“ ការតែងតាំងលោក Sung Kim ក្នុងនាមជាប្រេសិតពិសេសរបស់កូរ៉េខាងជើង គឺជាជំហានជាក់ស្តែងមួយ ដែលលោក Arrington សាស្រ្តាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យ George Washington ។

លោកគីម គឺជាអ្នកការទូតអាជីពម្នាក់ ដែលធ្លាប់បម្រើការងារជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូងផងដែរ។  លោកក៏បានកាន់តំណែង ដែលត្រូវបានតែងតាំងជាអ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសកូរ៉េខាងជើង ចន្លោះឆ្នាំ២០១៤ និង២០១៦ ក្រោមរដ្ឋបាលលោកបារ៉ាក់ អូបាម៉ា៕

ដោយ ឈូក បូរ៉ា

To Top