បរទេស៖មន្ទីរបញ្ចកោណ និងសមាជិករដ្ឋសភាមកពីបក្សសាធារណរដ្ឋ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ស្តីពីពង្រឹងកងកម្លាំងនុយក្លេអ៊ែ របស់ប្រទេសចិន ក្រោយមានសេចក្តីរាយការណ៍ថ្មីមួយថា ទីក្រុងប៉េកាំង កំពុងកសាងបំពង់ដាក់មីស៊ីល ជាង១១០។
របាយការណ៍ពីសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក ហៅកាត់ថា AFS បាននិយាយនៅថ្ងៃចន្ទថា រូបភាពពីផ្កាយរណបបានបង្ហាញថា ប្រទេសចិន កំពុងតែកសាងទីលានដាក់បំពង់មីស៊ីលថ្មី នៅជិតទីក្រុង Hami ភាគខាងកើតនៃតំបន់ស៊ីនជាំង។
របាយការណ៍នោះ គឺត្រូវបានធ្វើឡើង ក្រោយរយៈពេលជាច្រើនសប្ដាហ៍បន្ទាប់ពីទីលានបំពង់ដាក់មីស៊ីលមួយផ្សេងទៀត កំពុងតែត្រូវបានកសាងផលិតបំពង់ដាក់មីស៊ីល ប្រហែល ១២០ នៅតំបន់ Yumen ជាតំបន់វាលខ្សាច់ លាតសន្ធឹងប្រហែល២៤០ម៉ាយ ទៅភាគអាគ្នេយ៍។
នៅក្នុងសារធ្វីតធ័រមួយ ពាក់ព័ន្ធនឹងអត្ថបទកាសែត New York Times ស្តីពីរបាយការណ៍ AFS នោះ ទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក បាននិយាយយ៉ាងដូច្នេះថា នេះជាលើកទីពីរហើយ ក្នុងរយៈពេល២ខែ សាធារណជនបានរកឃើញ នូវអ្វីដែលយើងទាំងអស់គ្នានិយាយ ស្តីពីការគម្រាមកំហែងកើនឡើង ដែលពិភពលោកប្រឈមមុខ និងភាពអាថ៌កំបាំងនៅជុំវិញវា៕ប្រែសម្រួល៖ប៉ាង កុង