ព័ត៌មានអន្តរជាតិ

ជប៉ុន បង្កើតការិយាល័យ នៅទីក្រុងដូហា ប្រទេសកាតា សម្រាប់ការសន្ទនា ជាមួយក្រុមតាលីបង់

តូក្យូ៖ ប្រភពពីក្រសួងការបរទេស បានឲ្យដឹងថា ប្រទេសជប៉ុន បានបង្កើតការិយាល័យ បណ្តោះអាសន្នមួយ នៅទីក្រុងដូហា សម្រាប់ការសន្ទនា ជាមួយក្រុមសកម្មប្រយុទ្ធ តាលីបង់ ដែលបានកាន់កាប់ អាហ្វហ្គានីស្ថាន និងកាន់ការិយាល័យ តំណាងនៅរដ្ឋធានីកាតា។

ប្រទេសជប៉ុន ដែលបានបិទស្ថានទូតរបស់ខ្លួន ជាបណ្តោះអាសន្ន នៅទីក្រុងកាប៊ុល ឥឡូវនេះកំពុងព្យាយាម ធានាសុវត្ថិភាពជនជាតិជប៉ុន ដែលបានបន្តនៅអាហ្វហ្គានីស្ថាន និងជួយប្រជាជនក្នុងតំបន់ ដែលធ្លាប់ធ្វើការឱ្យស្ថានទូត និងអង្គការជប៉ុន ចាកចេញពីប្រទេស ដោយសុវត្ថិភាព។

ការរៀបចំការិយាល័យនេះ កើតឡើងនៅពេលដែល សហរដ្ឋអាមេរិក ដែលបានបញ្ចប់ ការដកកងទ័ពរបស់ខ្លួនចេញ ពីអាហ្វហ្គានីស្ថាន នៅសប្តាហ៍នេះ បានផ្ទេរមុខងារស្ថានទូត របស់ខ្លួន ទៅការិយាល័យ នៅទីក្រុងដូហា ដើម្បីសម្របសម្រួល ការសន្ទនា ជាមួយក្រុមតាលីបង់។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ក្រុមតាលីបង់ បានដណ្ដើមអំណាចវិញបាន ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ក្រោយពីការដកកងទ័ព របស់អាមេរិកចេញពី ប្រទេសនេះ ហើយក្នុងនោះប្រធានាធិបតី អាមេរិលោក ចូ បៃដិន បានលើកឡើងថា ការដកកងទ័ពនេះ ជាការជោគជ័យមួយដ៏អស្ចារ្យ និងជាការបញ្ចប់សង្គ្រាមអូសបន្លាយ ដ៏វែងបំផុត ក្នុងប្រវត្ដិសាស្រ្ត របស់អាមេរិក៕

ដោយ ឈូក បូរ៉ា

To Top