ព័ត៌មានអន្តរជាតិ

អង់គ្លេសត្រៀមខ្លួនបញ្ជូន ទូកជនអន្តោប្រវេសន៍ ត្រឡប់ទៅបារាំង 

បរទេស៖ប្រទេសអង់គ្លេស នាពេលថ្មីៗនេះ បានអនុម័តផែនការបញ្ជូនត្រឡប់វិញ នូវទូកដែលដឹកជនអន្តោប្រវេសន៍ដោយខុសច្បាប់ ទៅកាន់តំបន់ឆ្នេរ ធ្វើឲ្យប៉ះទង្គិចចំណងការទូតកាន់តែខ្លាំង ជាមួយបារាំង ជុំវិញវិធីដោះស្រាយជាមួយកំណើនមនុស្សប្រថុយជីវិត ព្យាយាមឆ្លងកាត់ផ្លូវទឹកអង់គ្លេស ដោយទូកតូចៗ។

តាមសេចក្តីរាយការណ៍ នៅក្នុងឆ្នាំនេះ ទូកតូចរាប់រយគ្រឿង បានប៉ុនប៉ងធ្វើដំណើរចេញពីប្រទេសបារាំង ទៅកាន់ប្រទេសអង់គ្លេស ដោយធ្វើដំណើរឆ្លងកាត់តាមច្រកផ្លូវទឹកដឹកជញ្ជូនទំនិញដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។

ក្រុមមន្ត្រីព្រំដែនអង់គ្លេស នឹងត្រូវបានការហ្វឹកហាត់ ដើម្បីបង្ខំឲ្យទូកទាំងនោះចាកចេញពីដែនទឹកអង់គ្លេស ប៉ុន្តែនឹងដាក់ប្រើប្រាស់យុទ្ធសាស្ត្រថ្មី នៅពេលដែលគិតថាមានសុវត្ថិភាពដើម្បីធ្វើបែបនោះប៉ុណ្ណោះ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលមួយរូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

គួរបញ្ជាក់ថា ប្រទេសបារាំងនិងប្រទេសអង់គ្លេស បានព្រមព្រៀងគ្នានៅក្នុងខែកក្កដា ដាក់ពង្រាយប៉ូលិសបន្ថែម និងធ្វើការវិនិយោគក្នុងបច្ចេកវិទ្យាតាមដាន ដើម្បីបញ្ឈប់ការលួចឆ្លងកាត់តាមច្រកផ្លូវទឹក ហើយក្នុងពេលថ្មីៗនេះ ប៉ូលិសបារាំង បានរឹបអូសយកទូកតូចៗជាច្រើនបន្ថែមទៀត ប៉ុន្តែពួកគេនិយាយថា ពួកគេអាចត្រឹមតែកាត់បន្ថយលំហូធ្វើដំណើរចាកចេញប៉ុណ្ណោះ៕ ប្រែសម្រួល: ប៉ាង កុង

To Top