ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិននិងរុស្ស៊ី ផ្ញើសារអបអរ ជូនដល់មេដឹកនាំកូរ៉េខាងជើង ក្នុងទិវាស្ថាបនាជាតិ

បរទេស៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានធ្វើការសង្កត់ធ្ងន់លើសហប្រតិបត្តិការ រវាងប្រទេសកូរេខាងជើងនិងប្រទេសរបស់លោកទាំងពីរ ក្នុងសារមួយដែលផ្ញើជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា លោក ស៊ី ជីនពីង និងលោក វ្លាឌីមៀរ ពូទីន បានផ្ញើសារទៅឲ្យលោក គីម ជុងអ៊ុន ដើម្បីសម្តែងការអបអរសាទរចំពោះលោក នៅគម្រប់ខួបលើកទី៧៣ឆ្នាំនៃការបង្កើតរបបកូរ៉េខាងជើង។

តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីចិន បាននិយាយនៅក្នុងសារលិខិតរបស់លោកថា លោកគោរពឲ្យតម្លៃយ៉ាងខ្ពង់ខ្ពស់ ចំពោះចំណងមិត្តភាពរបស់ប្រទេសទាំងពីរ និងមានបំណងអភិវឌ្ឍចំណងមិត្តភាពនិងសហប្រតិបត្តិការទាំងនេះ ដើម្បីផ្តល់សុខុមាលភាពកាន់តែក្រៃលែងឡើង សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ចំណែកលោក ពូទីន បានធ្វើការសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ នឹងបន្តអភិវឌ្ឍចំណងមិត្តភាពប្រកបដោយសហប្រតិបត្តិការ នៅក្នុងវិស័យផ្សេងៗជាច្រើន ដែលនឹងរួមចំណែកលើកកម្ពស់ ដល់សន្តិសុខនិងស្ថិរភាពលើឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់អាស៊ីឦសាន៕ ប្រែសម្រួល៖ប៉ាង កុង

To Top