ព័ត៌មានអន្តរជាតិ

អាមេរិក និងកាតា ជំរុញឲ្យក្រុមតាលីបង់ ជួយសម្រួល ដល់ការជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងកាតា បានជំរុញឱ្យក្រុមតាលីបង់អាហ្វហ្គានីស្ថាន រស់នៅតាមការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការអំពាវនាវនេះបានកើតឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ដែលធ្វើឡើងនៅទីក្រុងដូហា ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin ជាមួយរដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al-Thani និងរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការការពារជាតិ Khalid Al-Attiyah ។

លោក Blinken បានលើកឡើងថា “យើងបានភ្ជាប់ពាក្យជាមួយតាលីបង់ រួមទាំងប៉ុន្មានម៉ោងចុងក្រោយនេះ។ ពួកគេបានឲ្យដឹងថា ពួកគេនឹងអនុញ្ញាតឱ្យមនុស្ស ដែលមានឯកសារធ្វើដំណើរចេញដំណើរដោយសេរី” ។

លោកបានបន្ថែមថា“ សហគមន៍អន្តរជាតិ កំពុងមើលថាតើតាលីបង់ នឹងធ្វើតាមការប្តេជ្ញាចិត្តរបស់ពួកគេដែរ ឬទេ” ។ លោក Blinken ក៏បានថ្លែងអំណរគុណប្រទេសរបស់លោក ចំពោះកាតា ដែលបានជួយដល់ប្រតិបត្តិការជម្លៀសអាមេរិក នៅអាហ្វហ្គានីស្ថាន។

រដ្ឋមន្ត្រីការបរទេសកាតា បានលើកឡើងថា ការវិវត្តនៃស្ថានភាពសន្តិសុខ និងមនុស្សធម៌នៅអាហ្វហ្គានីស្ថាន គឺជាការផ្តោតអារម្មណ៍នៃកិច្ចប្រជុំរវាងមន្រ្តីអាមេរិក និងហ្ស៊កដានី ដោយបន្ថែមថា រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបន្តបើកផ្លូវមនុស្សធម៌។

ទាក់ទងនឹងអាកាសយានដ្ឋានកាប៊ុលលោក Sheikh Mohammed បានលើកឡើងថា គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងជាមួយពួកតាលីបង់លើការគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋាននោះទេ៕ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top