ព័ត៌មានអន្តរជាតិ

សេតវិមាន៖ លោក បៃដិន និងប្រធានាធិបតីចិន ពិភាក្សាគ្នាអំពីការស៊ើបអង្កេត រកប្រភពជម្ងឺកូវីដ១៩

បរទេស៖ យោងតាមសេតវិមាន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានពិភាក្សាគ្នា អំពីការស៊ើបអង្កេត ចំពោះប្រភពនៃជម្ងឺកូវីដ១៩ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

លេខាធិការព័ត៌មាន របស់សេតវិមាន លោក Jen Psaki បានមាននិយាយប្រាប់ដូច្នេះថា “លោកទាំងពីរ ពិតជាបានពិភាក្សាគ្នា ពីបញ្ហាផ្សេងៗជាច្រើន រួមទាំងបញ្ហាជម្ងឺកូវីដ១៩ និងការយល់ដឹង ពីប្រភពរបស់វា ដែលជាក្តីព្រួយបារម្ភ ដ៏ចម្បង សម្រាប់រដ្ឋបាលនេះ។ វាជាប្រធានបទមួយ ត្រូវបានលើកឡើង ប៉ុន្តែខ្ញុំនឹងមិននិយាយផ្តល់ សេចក្តីលម្អិបន្ថែមនោះទេ”។

លោក ចូ បៃដិន កាលពីខែមុន បានប្តេជ្ញាជំរុញចិន ឲ្យផ្តល់ចម្លើយ ជុំវិញរឿងប្រភព របស់ជម្ងឺរាតត្បាត ដែលបច្ចុប្បន្នបានសម្លាប់ មនុស្ស៤,៨លាននាក់ នៅទូទាំងពិភពលោក។ ទីភ្នាក់ងារចារកម្មបាននិយាយថា ពួកគេមិនអាចដោះស្រាយ កិច្ចពិភាក្សាវែកញែក ជុំវិញថាតើមេរោគ បានចេញមកពីមន្ទីរពិសោធន៍ ស្រាវជ្រាវរបស់ចិន ដោយគ្មានការជួយពីទីក្រុងប៉េកាំងនោះទេ។

ទីក្រុងប៉េកាំង តាមសេចក្តីរាយការណ៍ បានច្រានចោលការចោទប្រកាន់ របស់សហរដ្ឋអាមេរិក ដែលថា ចិនមិនសហការ ជាមួយការស៊ើបអង្កេត រកប្រភពនៃជម្ងឺកូវីដ១៩។
គួរបញ្ជាក់ថា កិច្ចសន្ទនាគ្នា តាមទូរស័ព្ទរយៈពេល៩០នាទីកាលពីថ្ងៃព្រហស្បតិ៍នោះ គឺជាកិច្ចពិភាក្សាគ្នាដំបូង សម្រាប់មេដឹកនាំទាំងពីរ ក្នុងរយៈពេល៧ខែ ស្របពេល មានចំណងមិត្តភាព ធ្លាក់ចុះ រវាងប្រទេសមហាអំណាច សេដ្ឋកិច្ចពិភពលោកទាំងពីរ៕

ប្រែសម្រួល៖ប៉ាង កុង

To Top