ព័ត៌មានអន្តរជាតិ

យោធាស៊ូដង់ ធ្វើរដ្ឋប្រហារឃុំខ្លួន នាយករដ្ឋមន្ត្រី

បរទេស៖យោធារបស់ប្រទេសស៊ូដង់ នៅថ្ងៃព្រឹកថ្ងៃចន្ទនេះ បានឃាន់ខ្លួនលោកនាយករដ្ឋមន្ត្រី Abdalla Hamdok នៅក្នុងដំណើរធ្វើរដ្ឋប្រហារជាក់ស្តែងមួយ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។

ក្រសួងវប្បធម៌និងព័ត៌មាននៃប្រទេសស៊ូដង់ បាននិយាយក្នុងសារបង្ហោះលើបណ្ដាញសង្គមហ្វែសប៊ុកថា លោក Abdalla Hamdok ត្រូវកងកម្លាំងយោធាចម្រុះ ចាប់ឃុំខ្លួននៅក្នុងផ្ទះរបស់លោក ហើយលោកបានប្រាប់សាធារណជន នៅក្នុងសេចក្តីថ្លែងការណ៍មួយ ឲ្យធ្វើការតវ៉ានៅតាមដងផ្លូវ។

តាមសេចក្តីរាយការណ៍ ក្រសួងវប្បធម៌និងព័ត៌មានបាននិយាយប្រាប់ថា ក្រោយបដិសេធមិនពេញចិត្តចំពោះការធ្វើរដ្ឋប្រហារនោះ ពួកយោធាបានចាប់ខ្លួនលោក និងនាំខ្លួនទៅកាន់ទីដែលគេមិនស្គាល់។

ក្រៅពីនេះ សមាជិកស៊ីវិលនៃក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាលរបស់ប្រទេស និងរដ្ឋមន្ត្រីមួយចំនួនទៀត ក៏ត្រូវចាប់ឃុំខ្លួនផងដែរ ហើយស្ពាននានាត្រូវបានបិទដោយកងកម្លាំងយោធា ចំណែកសេវាកម្មអ៊ីនធឺណេត ត្រូវបានកាត់ផ្តាច់៕

To Top