ព័ត៌មានអន្តរជាតិ

ក្រមឡាំង៖ ទណ្ឌកម្មដោយអង់គ្លេស គឺជាវាយប្រហារទៅលើ អាជីវកម្មរបស់រុស្ស៊ី

បរទេស៖ វិមានក្រមឡាំងនៅថ្ងៃចន្ទនេះ បានធ្វើការលើកឡើងថារដ្ឋាភិបាលក្រុងឡុង កំពុងតែធ្វើការគម្រាមកំហែង មកលើប្រទេសរុស្ស៊ី​ តាមរយៈការដាក់ទណ្ឌកម្មជាច្រើន ប្រឆាំងទៅនឹងក្រុមហ៊ុន និងបុគ្គលមួយចំនួនរបស់រុស្សី។

ជាការឆ្លើយតបប្រធានាធិបតីរុស្សី Vladimir Putin ក៏បានប្រកាសព្រមាន ចំពោះសកម្មភាពបែបនេះផងដែរ ហើយបានបញ្ជាក់ថាយ៉ាង់មុតម៉ាំងថា រុស្ស៊ីនឹងធ្វើឲ្យក្រុមហ៊ុនរបស់អង់គ្លេស ទទួលផលលំបាកវិញជាមិនខាន។

គួរឲ្យដឹងដែរថានៅថ្ងៃចន្ទនេះរដ្ឋាភិបាល នៃចក្រភពអង់គ្លេសបានអះអាងថា ខ្លួននឹងធ្វើការទំលាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុនអាជីវកម្មនិងបុគ្គលជនជាតិរុស្ស៊ី មួយចំនួនដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងប្រធានាធិបតីលោក Putin ប្រសិនបើរុស្ស៊ី ពិតជានឹងរៀបចំការវាយប្រហារ ទៅលើប្រទេសអ៊ុយក្រែនពិតមែននោះ។

អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov បានបញ្ជាក់ថានេះ គឺជារូបភាពបែបគម្រាមកំហែងហើយ ក្នុងន័យវាយប្រហារមកលើ បណ្តាអាជីវកម្មទាំងឡាយរបស់រុស្ស៊ី ព្រមទាំងបង្កភាពតានតឹង នៅក្នុងតំបន់អឺរ៉ុបទៅវិញនោះទេ៕ ប្រែសម្រួល៖ស៊ុនលី

To Top