ព័ត៌មានអន្តរជាតិ

Update: តួកគី ព្រមាននាវាចម្បាំង កុំឲ្យឆ្លងកាត់​ ច្រកសមុទ្រចំនួន២ លើកលែងតែការត្រឡប់ ទៅមូលដ្ឋានទ័ពវិញ

អង់ការ៉ា៖ ប្រទេសតួកគី បានព្រមានថា នាវាចម្បាំង នៃសមុទ្រខ្មៅ និងប្រទេសមិនមែនសមុទ្រខ្មៅ មិនឱ្យឆ្លងកាត់ច្រកសមុទ្រ Bosphorus និង Dardanelles នោះទេ ស្របតាមអនុសញ្ញា Montreux នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីការបរទេសលោក Mevlut Cavusoglu បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “យើងបានជូនដំណឹងដល់ប្រទេសជាប់ទន្លេ និងមិនជាប់ទន្លេទាំងអស់ ប្រឆាំងនឹងការឱ្យនាវាចម្បាំងរបស់ពួកគេ ឆ្លងកាត់ច្រកសមុទ្រ” ។

លោកបានលើកឡើងថា “យើងបានអនុវត្តនូវអ្វីដែលអនុសញ្ញា Montreux មាន ហើយយើងនឹងធ្វើដូច្នេះ ចាប់ពីពេលនេះតទៅ។ មិនទាន់មានផ្លូវឆ្លងកាត់ ឬសំណើសុំឆ្លងកាត់ច្រកសមុទ្រទេ រហូតមកដល់ថ្ងៃនេះ”។

រដ្ឋមន្ត្រីតួកគីបានកត់សម្គាល់ថា ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើនាវាចម្បាំងត្រឡប់ ទៅមូលដ្ឋានរបស់ខ្លួន នៅសមុទ្រខ្មៅវិញនោះ ការឆ្លងកាត់មិនអាចរារាំងបាននោះទេ។

នៅក្រោមអនុសញ្ញា Montreux ឆ្នាំ១៩៣៦ តួកគីមានការគ្រប់គ្រង លើការដឹកជញ្ជូនកងទ័ពជើងទឹកតាមរយៈ Bosporus និង Dardanelles ដែលតភ្ជាប់សមុទ្រខ្មៅ និងសមុទ្រមេឌីទែរ៉ាណេ។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យតួកគី កាត់ផ្តាច់ការដឹកជញ្ជូននាវាយោធា ឆ្លងកាត់ច្រកសមុទ្រក្នុងអំឡុងពេលសង្រ្គាម លើកលែងតែនាវាដែលត្រឡប់ ទៅមូលដ្ឋានរបស់ពួកគេវិញ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top