ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ នឹងទទួលបានរថក្រោះ ប្រយុទ្ធផលិតដោយសូវៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ពីប្រទេសស្លូវេនី

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ លោកស្រី Christine Lambrecht បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងគៀវនឹង ទទួលបានរថក្រោះ ប្រយុទ្ធពីប្រទេសស្លូវេនី “ក្នុងប៉ុន្មានថ្ងៃខាងមុខ” ដែលជាផ្នែកនៃកិច្ចព្រមព្រៀងដោះដូរ ដែលយល់ព្រមដោយប្រទេស ស្លូវេនី និងអាល្លឺម៉ង់ ។ ស្លូវេនីត្រូវបាន គេរាយការណ៍ថា នឹងប្រគល់គ្រឿង បរិក្ខារធុនធ្ងន់រាប់សិបគ្រឿង ដែលផលិតដោយសូវៀត របស់ខ្លួនទៅឱ្យអ៊ុយក្រែន ជាថ្នូរនឹងរថយន្តប្រយុទ្ធ ថ្មើរជើង (IFVs) និងរថពាសដែក (APCs) ពីប្រទេសអាល្លឺម៉ង់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Lambrecht បានប្រាប់ទូរទស្សន៍ RTL របស់អាល្លឺម៉ង់ថា “វានិយាយអំពីរថក្រោះ វានិយាយអំពីរថពាសដែក វានិយាយអំពីជម្រើសផ្សេងៗ ដែលប្រទេសនីមួយៗនឹងត្រូវប្រគល់ឱ្យ” ។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ រូបនេះ មិនបានបញ្ជាក់ពីចំនួនសម្ភារៈ បរិក្ខារដែលភាគីនីមួយៗ នឹងត្រូវប្រគល់ជា ផ្នែកមួយនៃកិច្ចព្រមព្រៀង នោះទេ ប៉ុន្តែបាននិយាយថា អ៊ុយក្រែន គួរតែទទួលបានការដឹកជញ្ជូន “ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ”។

យោងតាម AFP របស់បារាំង និងទីភ្នាក់ងារព័ត៌មាន dpa របស់អាល្លឺម៉ង់ គឺថា ប្រទេសស្លូវេនី នឹងប្រគល់រថក្រោះប្រយុទ្ធ T-72 ដែលផលិតដោយសូវៀត ទៅកាន់ទីក្រុងគៀវ ហើយស្លូវេនី នឹងទទួលបានរថក្រោះប្រភេទ Marder IFVs និង រថពាសដែក Fuchs APCs ពីទីក្រុងប៊ែកឡាំងវិញ ។ លោកស្រី Lambrecht បានពន្យល់ថា គំនិតនៅពីក្រោយកិច្ចព្រមព្រៀង គឺផ្គត់ផ្គង់អ៊ុយក្រែនជាមួយ នឹងឧបករណ៍ដែលអាចប្រើ បានឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top