ព័ត៌មានអន្តរជាតិ

នាយក CIA ថ្លឹងថ្លែងពីលទ្ធភាព នៃការប្រើប្រាស់នុយក្លេអ៊ែរ របស់រុស្ស៊ីនៅអ៊ុយក្រែន

បរទេស៖ នាយក CIA លោក William Burns បានប្រាប់ Financial Times នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក មិនបានឃើញ “ភស្តុតាងជាក់ស្តែង” ណាមួយដែលថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងអ៊ុយក្រែននោះទេ។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ធ្លាប់បានអះអាងថា លោក ពូទីន អាចប្រើប្រាស់អាវុធបែបនេះបាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Burns បាននិយាយនៅក្នុងសន្និសិទនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដោយនិយាយឡើងវិញនូវការវាយតម្លៃស្រដៀងគ្នា ដែលគាត់បានធ្វើនៅដើមខែមេសាថា “យើងមិនឃើញទេ ក្នុងនាមជាសហគមន៍ស៊ើបការណ៍ ភស្តុតាងជាក់ស្តែងនៅចំណុចនេះ នៃផែនការរបស់រុស្ស៊ីសម្រាប់ការដាក់ពង្រាយ ឬសូម្បីតែការប្រើប្រាស់អាវុធនុយក្លេអ៊ែរបែបយុទ្ធសាស្ត្រ” ។ 

ទោះជាយ៉ាងណាក៏ដោយ នាយក CIA រូបនេះបានបន្ថែមថា តាមគំនិតរបស់គាត់ លោកពូទីន “មិនជឿថាគាត់អាចមានលទ្ធភាពចាញ់នោះទេ” ហើយដូច្នេះ សហរដ្ឋអាមេរិកគួរតែ “រក្សាការយកចិត្តទុកដាក់យ៉ាងខ្លាំង” លើការគំរាមកំហែងនុយក្លេអ៊ែរដែលមានសក្តានុពល៕

ប្រែសម្រួលៈ ណៃ តុលា

To Top