ព័ត៌មានអន្តរជាតិ

Update ៖ លោក បៃដិន លើកឡើងថា នឹងមិនបញ្ជូនប្រព័ន្ធរ៉ុក្កែត ដែលអាចបាញ់ ចូលដល់ទឹកដីរុស្ស៊ី ឲ្យដល់អ៊ុយក្រែននោះទេ

វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានលើកឡើង កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក នឹងមិនបញ្ជូនប្រព័ន្ធរ៉ុក្កែត ឲ្យដល់អ៊ុយក្រែន ដែលអាចទៅដល់ប្រទេស រុស្ស៊ីនោះទេ ។
ការអត្ថាធិប្បាយបែបនេះ បានធ្វើឡើង បន្ទាប់ពីមាន របាយការណ៍ ដែលថា រដ្ឋបាលលោក បៃដិន កំពុងរៀបចំបញ្ជូន ប្រព័ន្ធរ៉ុក្កែត រយៈចម្ងាយឆ្ងាយកម្រិតខ្ពស់ ទៅកាន់ទីក្រុង គៀវ សម្រាប់ការប្រយុទ្ធ របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ។

លោក បៃដិន បានប្រាប់ដល់អ្នកយកព័ត៌មាន បន្ទាប់ពីបានមកដល់ សេតវិមានវិញ បន្ទាប់ពីចុងសប្តាហ៍ នៅទីក្រុង Delaware ថា “យើងនឹងមិនបញ្ជូន ប្រព័ន្ធរ៉ុក្កែត ទៅកាន់អ៊ុយក្រែនទេ” ដែលអាចបាញ់ទៅដល់ប្រទេសរុស្ស៊ី ។

មន្ត្រីអ៊ុយក្រែន បានស្វែងរកប្រព័ន្ធរយៈ ចម្ងាយឆ្ងាយ ដែលគេហៅថា Multiple Launch Rocket System ឬ MLRS ដែលអាចបាញ់គ្រាប់រ៉ុក្កែត បានចម្ងាយ រាប់រយម៉ាយឯណោះ ។

ទូរទស្សន៍ CNN និង The Washington Post បានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋបាលលោក បៃដិន កំពុងពឹងផ្អែកលើការបញ្ជូននោះ និងប្រព័ន្ធមួយទៀតគឺ ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ ចល័តកម្រិតខ្ពស់ ដែលត្រូវបានគេស្គាល់ថា HIMARS ដែលជាផ្នែកមួយ នៃកញ្ចប់ជំនួយយោធាធំ ជាងនេះទៅឱ្យអ៊ុយក្រែន ។

ករណីនេះនៅទាន់មិនច្បាស់ថា ប្រព័ន្ធមួយណាដែលលោក បៃដិន សំដៅទៅលើនៅ ក្នុង ការលើកឡើងរបស់គាត់ ។

រដ្ឋាភិបាលអ៊ុយក្រែន បានជំរុញឱ្យលោកខាងលិច ផ្តល់អាវុធរយៈចម្ងាយឆ្ងាយ បន្ថែមទៀតដល់ខ្លួន ដើម្បីបង្វែរទិសដៅខ្យល់ នៅក្នុងសង្រ្គាម ដែលឥឡូវនេះនៅក្នុងខែទី៤របស់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top