ព័ត៌មានអន្តរជាតិ

ប្រទេសកាណាដា ដាក់ទណ្ឌកម្មថ្មី លើវិស័យហិរញ្ញវត្ថុរុស្ស៊ី

អូតាវ៉ា ៖ រដ្ឋមន្ត្រីការបរទេសកាណាដា Melanie Joly បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសកាណាដា កំពុងដាក់ទណ្ឌកម្មថ្មី លើវិស័យហិរញ្ញវត្ថុ របស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន រដ្ឋមន្ត្រីបាននិយាយថា វិធានការថ្មីនឹងដាក់កំហិតលើបុគ្គលចំនួន ២២ និងអង្គភាពចំនួន ៤ ហើយក្នុងចំណោមបុគ្គល និងអង្គភាពដែលបានចុះបញ្ជីមានមន្ត្រីជាន់ខ្ពស់ នៃស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី និងសមាជិកគ្រួសារ របស់ពួកគេ ព្រមទាំងស្ថាប័នហិរញ្ញវត្ថុ និងធនាគារសំខាន់ៗផងដែរ ។

ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក ប្រទេសកាណាដា បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពជាង ១០៥០ នៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងបេឡារុស្ស។

គួរបញ្ជាក់ថា ទណ្ឌកម្មចុងក្រោយបង្អស់ របស់ប្រទេសកាណាដា ដូចជាវិធានការមុនរបស់ខ្លួន បានដាក់ការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់លើបុគ្គល និងអង្គភាព ដែលបានចុះបញ្ជី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top