ព័ត៌មានអន្តរជាតិ

អឺរ៉ុប​សម្រេច ដាក់ទណ្ឌកម្មថ្មី កញ្ចប់ទី៦ ប្រឆាំងរុស្សី

បរទេស ៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះបានឲ្យដឹងថា សហភាពអឺរ៉ុបបានឈាន ទៅដល់ការសម្រេចចិត្ត ចុងក្រោយក្នុងការដាក់ទណ្ឌកម្មកញ្ចប់ទី៦ ប្រឆាំងទៅនឹងប្រទេសរុស្សី ហើយដែលក្នុងនោះក៏មានទាំងការ រារាំងការនាំចេញប្រេងឆៅ របស់រុស្សីផងដែរ ។

មន្ត្រីសហភាពអឺរ៉ុប ដែលសុំមិនបញ្ចេញឈ្មោះ និងបានថ្លែងទៅកាន់ក្រុមអ្នកកាសែត ក្នុងទីក្រុងប្រ៊ូស៊ែលបានបញ្ជាក់ថា ការសម្រេចចិត្ត នៃក្រុមរដ្ឋទូតត្រូវបានធ្វើឡើង ។ កញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចទី៦ នឹងចូលជាធរមានបន្ទាប់ពីវាត្រូវបានជូនជាដំណឹង នៅលើកាសែតផ្លូវការរបស់ EU ឬពីថ្ងៃសុក្រសប្តាហ៍នេះតទៅ ។

ក្រុមមន្ត្រីដែលដឹងពីបញ្ហានេះ ក៏បានប្រាប់ទៅកាន់ Bloomberg ដែរថាវិធានការថ្មី នឹងក្លាយជាការដាក់ទណ្ឌកម្ម ដ៏តឹងរឹងបំផុតរបស់ EU គិតចាប់តាំងតែពីទណ្ឌកម្ម លើកដំបូងមកហើយ តាមសេចក្តីរាយការណ៍ ពួកគេនឹងហាមឃាត់ការទិញ ប្រេងឆៅពីរុស្ស៊ី ការបញ្ជូនទៅកាន់រដ្ឋ ជាសមាជិក តាមសមុទ្រក្នុងរយៈពេលប្រាំមួយខែ និងផលិតផល ប្រេងចម្រាញ់ក្នុងរយៈពេល ប្រាំបីខែផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top