ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក Joe Biden ត្រូវក្រុមអង្គរក្សជម្លៀសចេញ ពីផ្ទះលំហែរ នៅមាត់សមុទ្រក្នុងរដ្ឋ Delaware

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានជម្លៀសចេញពីផ្ទះរបស់គាត់នៅឆ្នេរ នៅរដ្ឋ Delaware បន្ទាប់ពីយន្តហោះឯកជន គ្មានការអនុញ្ញាតមួយគ្រឿង បានឆ្លងហោះចូលទៅក្នុងដែនអាកាស ដែលបានដាក់កំហិត ខាងលើទ្រព្យសម្បត្តិ ដែលបង្កឱ្យមានការរឹតបន្តឹងសន្តិសុខ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា សេវាសម្ងាត់អាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ប្រធានាធិបតីត្រូវបានប្រញាប់ប្រញាល់ ទៅកាន់ទីតាំងដែលមានសុវត្ថិភាព ប្រហែលម៉ោង១រសៀលថ្ងៃសៅរ៍ បន្ទាប់ពីយន្តហោះឯកជនមួយគ្រឿង “ច្រឡំ” បានចូលទៅក្នុងតំបន់សុវត្ថិភាពក្បែរផ្ទះវិស្សមកាលរបស់លោក Biden នៅឆ្នេរ Rehoboth រដ្ឋ Delaware ។ ទីភ្នាក់ងារនេះបានបន្ថែមថា “យន្តហោះត្រូវបានបញ្ជា និងអមដំណើរភ្លាមៗចេញ ពីដែនអាកាស ដែលបានដាក់កម្រិត” ។

ទីតាំងសុវត្ថិភាពត្រូវបានគេរាយការណ៍ថា មានស្ថានីយ៍ពន្លត់អគ្គីភ័យនៅក្បែរនោះ។ រថយន្តរបស់លោក Biden ត្រូវបានគេឃើញធ្វើដំណើរទៅកាន់ ស្ថានីយ៍ពន្លត់អគ្គីភ័យ ជាកន្លែងដែលរថយន្ត SUV ដែលប្រធានាធិបតី កំពុងជិះបានបើកនៅខាងក្នុង។ ចរាចរណ៍ត្រូវបានបិទអស់រយៈពេល ជាង២០នាទី ខណៈដែលភ្នាក់ងារសេវាសម្ងាត់ បានសម្អាតតំបន់នោះ និងស៊ើបអង្កេតការគំរាមកំហែងដែលអាចកើតមាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top