ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប នឹងហាមឃាត់ការ លក់រថយន្តសាំង និងម៉ាស៊ូតថ្មី នៅឆ្នាំ២០៣៥

ព្រុចសែល ៖ សភាអ៊ឺរ៉ុបកាលពីថ្ងៃពុធ បានបោះឆ្នោតគាំទ្រការហាមឃាត់ ប្រកបដោយប្រសិទ្ធភាព លើការលក់រថយន្តសាំង និងម៉ាស៊ូតថ្មី ចាប់ពីឆ្នាំ២០៣៥ ដោយបដិសេធការប៉ុនប៉ង ធ្វើឱ្យចុះខ្សោយនូវសំណើ ដើម្បីបង្កើនល្បឿន នៃការផ្លាស់ប្តូររបស់ប្លុក ទៅជារថយន្តអគ្គិសនី។

ការបោះឆ្នោតគាំទ្រ ដល់សសរស្តម្ភសំខាន់ នៃផែនការរបស់សហភាពអឺរ៉ុប ក្នុងការកាត់បន្ថយការបំភាយ កំដៅផែនដីចំនួន ៥៥ភាគរយនៅឆ្នាំ២០៣០ ពីកម្រិតឆ្នាំ១៩៩០ ដែលជាគោលដៅដែលទាមទារ ឱ្យមានការកាត់បន្ថយការបំភាយឧស្ម័នលឿន ជាងមុនពីឧស្សាហកម្ម ថាមពល និងការដឹកជញ្ជូន។

សមាជិកសភា បានគាំទ្រសំណើ ដែលដាក់ចេញដោយគណៈកម្មការអឺរ៉ុប កាលពីឆ្នាំមុន ដើម្បីទាមទារ ឱ្យមាន ការកាត់បន្ថយ ១០០ភាគរយ នៃការបំភាយឧស្ម័ន CO2 ពីរថយន្តថ្មីនៅឆ្នាំ២០៣៥ ដែលនឹងធ្វើឱ្យវាមិនអាចលក់រថយន្ត ដែលប្រើឥន្ធនៈហ្វូស៊ីលនៅក្នុងសហភាពអឺរ៉ុប ចាប់ពីថ្ងៃនោះ។

ការប៉ុនប៉ង របស់សមាជិកសភាមួយចំនួន ក្នុងការធ្វើឱ្យ គោលដៅ ធ្លាក់ចុះដល់ ៩០ភាគរយ នៃ CO2 នៅឆ្នាំ២០៣៥ ត្រូវបានច្រានចោល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

គួរបញ្ជាក់ថា ច្បាប់នេះមិនទាន់ បញ្ចប់នៅឡើយទេ ការបោះឆ្នោត កាលពីថ្ងៃពុធ បញ្ជាក់ពីជំហររបស់សភា សម្រាប់ការចរចាជាមួយបណ្តា ប្រទេសសហភាពអឺរ៉ុប ស្តីពីច្បាប់ចុងក្រោយ ។

គោលបំណង គឺដើម្បីពន្លឿនការផ្លាស់ប្តូររបស់អឺរ៉ុប ចំពោះយានជំនិះអគ្គិសនី និងជំរុញក្រុមហ៊ុន ផលិតរថយន្តឱ្យវិនិយោគយ៉ាង ច្រើនក្នុងវិស័យអគ្គិសនី ជំនួយដោយច្បាប់សហភាពអឺរ៉ុប មួយផ្សេងទៀត ដែលនឹងតម្រូវឱ្យប្រទេសនានា ដំឡើងឆ្នាំងសាក រថយន្តរាប់លានគ្រឿង ។

លោក Jan Huitema អ្នកចរចាឈានមុខគេរបស់សភា ស្តីពីគោលនយោបាយនេះ បានលើកឡើងថា “ការទិញ និងការបើកបររថយន្តគ្មាន ការបំភាយឧស្ម័ននឹងក្លាយ មានតម្លៃថោក សម្រាប់អ្នកប្រើប្រាស់” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top