ព័ត៌មានអន្តរជាតិ

បទវិភាគ៖ សហរដ្ឋអាមេរិក បណ្តែតបណ្តោយឱ្យកាំភ្លើង មាននៅពាសវាលពាសកាល គឺជាការបំពានដ៏ធំបំផុត ចំពោះសិទ្ធិរស់រានមានជីវិត

កាលពីថ្ងៃទី១៥ខែមិថុនាតាមម៉ោងក្នុងតំបន់ ក្រសួងយុត្តិធម៌អាមេរិកប្រកាសថា លោក Payton Gendron ខ្មាន់កាំភ្លើងស្បែកសដែលមានអាយុ១៨ឆ្នាំ នៃករណីបាញ់ប្រហារនៅក្រុង Buffalo រដ្ឋញូវយ៉កត្រូវប្រឈម នឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋចងគំនុំនិងបទឧក្រិដ្ឋដោយកាំភ្លើងជាដើម ។ លោក Payton Gendron ត្រូវចោទប្រកាន់ថា បានសម្លាប់មនុស្សស្បែកខ្មៅ១០នាក់ ហើយបណ្តាលឱ្យមនុស្សស្បែកខ្មៅម្នាក់ និងមនុស្សស្បែកសពីរនាក់ទៀតរងរបួស ។

ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិក បានកើតករណីបាញ់ប្រហារជាញឹកញាប់ ជាពិសេសគឺករណីបាញ់ប្រហារ ដែលកើតនៅសាលាបឋមសិក្សាក្រុង Uvalde រដ្ឋ Texas កាលពីថ្ងៃទី២៥ខែឧសភា បាននាំឱ្យមតិសាធារណៈភ្ញាក់ផ្អើលយ៉ាងខ្លាំង ហេតុការណ៍នេះបណ្តាលឱ្យមនុស្ស២១នាក់ស្លាប់ គឺជាហេតុការណ៍បាញ់ប្រហារ ក្នុងសាលារៀនសហរដ្ឋអាមេរិក ដែលមានទ្រង់ទ្រាយធំបំផុតក្នុងរយៈពេលជិត១០ឆ្នាំកន្លងមក ។

តាមទិន្នន័យថ្មីបំផុត ដែលវេបសាយបណ្ណសារ អំពើហឹង្សាដោយកាំភ្លើង របស់សហរដ្ឋអាមេរិក ឱ្យដឹងថា គិតមកទល់ថ្ងៃទី១៥ខែមិថុនា តាមម៉ោងក្នុងតំបន់ សហរដ្ឋអាមេរិក មានមនុស្សចំនួន១៩៨៤១នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារករណីបាញ់ប្រហារ ក្នុងនោះ បូករួមទាំងអនីតិជន ចំនួន៧៥២នាក់ ក្រៅពីនេះមានមនុស្ស ចំនួន១៦៧៩៩នាក់ទៀតរងរបួស ។ ទិន្នន័យថ្មីបំផុតក៏បានបង្ហាញដែរថា ឆ្នាំនេះ ហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំ ដែលកើតនៅសហរដ្ឋអាមេរិក មានចំនួនឡើងដល់២៦៧លើក ។

សហរដ្ឋអាមេរិក មានចំនួនប្រជាជនសរុប ជិត៣៣០លាននាក់ កាំភ្លើងក្នុងសង្គមស៊ីវិល គឺលើសពី៤រយលានដើម ពោលគឺគិតជាមធ្យម ក្នុងចំណោមមនុស្ស១រយនាក់ ក៏មានកាំភ្លើងប្រហែល១២០ដើម។

ក្រោមការរារាំងជាច្រើនដូចជាជ្រុលនិយម ខាងនយោបាយ ភាពបែកបាក់ក្នុងសង្គម និងក្រុមផលប្រយោជន៍ជាដើម អំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិកមិនគ្រាន់ តែមិនត្រូវបានដោះស្រាយប៉ុណ្ណោះទេ ថែមទាំងក៏មានភាពកាន់តែធ្ងន់ធ្ងរទៅ ហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំ និងហេតុការណ៍បាញ់ប្រហារ ក្នុងសាលារៀនបានកើតឡើង ជាញឹកញាប់ អំពើហិង្សាដោយកាំភ្លើងហាក់ដូចជា “ជំងឺដែលមិនអាចព្យាបាលបាន”នៅក្នុងសង្គមសហរដ្ឋអាមេរិក ។

ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក បក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង លើបញ្ហាគ្រប់គ្រងកាំភ្លើង ដែលបណ្តាលឱ្យរដ្ឋសភាអាមេរិក មិនអាចអនុម័តច្បាប់ណាមួយ ស្តីពីការគ្រប់គ្រងកាំភ្លើងរបស់សហព័ន្ធនោះទេ ។

ប៉ុន្តែនិយាយពីឫសគល់ មូលហេតុនៃប្រការទាំងនេះ គឺដោយមកពីអ្នកនយោបាយអាមេរិក ព្រងើយកន្តើយមិនអើពើសិទ្ធិរស់រានមានជីវិតរបស់ប្រជាជន ។ ខណៈពេលកើតហេតុការណ៍បាញ់ប្រហារ នៅសាលាបឋមសិក្សា Robb នៃក្រុង Uvalde មេដឹកនាំអាមេរិកកំពុងជាប់រវល់ នឹងការបង្កការបដិបក្ខគ្នា ជាក្រុមនៅអាស៊ី ។ បើនិយាយចំពោះអ្នកនយោបាយមួយចំនួន របស់អាមេរិក ជីវិតដែលបាត់បង់ ក្នុងហេតុការណ៍បាញ់ប្រហារ គឺគ្មានអីសោះ មានតែផលប្រយោជន៍ នយោបាយផ្ទាល់ខ្លួន និងអនុត្តរភាពបែបអាមេរិកទើបជាកិច្ចការសំខាន់បំផុត ។

គ្មានអ្នកណាដឹងថា តើជីវិតស្រស់ៗបានបាត់បង់ជាបន្តបន្ទាប់ ដោយសារកាំភ្លើងដល់ច្រើនប៉ុនណាទៀត ទើបអាចដាស់ឱ្យភ្ញាក់នូវសតិសម្បជញ្ញៈរបស់អ្នកនយោបាយអាមេរិក។ ពេលពួកគេមិនអើពើនឹងសិទ្ធិរស់រាន មានជីវិតជាមូលដ្ឋានរបស់ប្រជាជន ប្រទេសខ្លួន តើពិភពលោកអាចជឿថា ពួកគេនឹងយកចិត្តទុកដាក់ យ៉ាងពិតប្រាកដដល់សិទ្ធិមនុស្ស របស់ប្រទេសផ្សេងទៀតឬទេ? របាំងមុខក្លែងក្លាយ “សិទ្ធិមនុស្សបែបអាមេរិក”បានបែកខ្ទេចក្នុងសូរបាញ់កាំភ្លើងរួចហើយ ។

អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ប្រទេសនូវែលហ្សេឡង់ និងកាណាដា ដែលជារដ្ឋសមាជិកក្នុង “សម្ព័ន្ធ Five Eyes ”ដូចសហរដ្ឋអាមេរិកគឺមានទង្វើខុសគ្នា ស្រឡះក្នុងវិស័យគ្រប់គ្រងកាំភ្លើង ។ រដ្ឋាភិបាលនូវែលហ្សេឡង់ បានដាក់ជូនរដ្ឋសភានូសេចក្តីព្រាងធ្វើវិសោធនកម្មច្បាប់ កាំភ្លើងបន្ទាប់ពីកើតករណីបាញ់ប្រហារ ទ្រង់ទ្រាយធំនៅក្រុង Christchurch កាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០១៩ដោយប្រកាសថា នឹងហាមឃាត់ការលក់ដូរ និងកាន់កាំភ្លើងស្វ័យប្រវត្តិពាក់កណ្តាល រចនាបទយោធា និងកាំភ្លើងវាយប្រហារ ។ លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានប្រកាសនៅថ្ងៃទី៣០ខែឧសភាថា នឹងដាក់ចេញសេចក្តីព្រាងច្បាប់ ដើម្បីបង្កកការលក់ដូរកាំភ្លើងដៃ និង“ដាក់កំហិតលើចំនួនកាំភ្លើងដៃក្នុងស្រុក” ។

ក្រឡេកមកមើល សហរដ្ឋអាមេរិកវិញ កាលពីថ្ងៃទី១២ខែមិថុនា ព្រឹទ្ធសភាអាមេរិក បានឈានដល់យ៉ាងលំបាកលំបិននូវកិច្ចព្រមព្រៀងជំហានដំបូងអំពីសេចក្តីស្នើច្បាប់ ស្តីពីការគ្រប់គ្រងកាំភ្លើង ។ រីឯសមាជិកបក្សសាធារណរដ្ឋម្នាក់ ដែលបានចូលរួមដំណើរចរចាបានថ្លែងថា បក្សទាំងពីរនៃព្រឹទ្ធសភា “គ្រាន់តែបានឈានដល់កិច្ចព្រមព្រៀង អំពីគោលការណ៍ជាមូលដ្ឋានប៉ុណ្ណោះ តែមិនមែនឯកសារផ្លូវច្បាប់នោះទេ ។”ដូច្នេះ ការគ្រប់គ្រងកាំភ្លើងនៅសហរដ្ឋអាមេរិក នៅតែមានផ្លូវវែងឆ្ងាយនិងអនាគតមិនច្បាស់លាស់ ។ យើងគួរតែសួរថា តើជីវិតស្រស់ៗបានបាត់បង់ជាបន្តបន្ទាប់ ដោយសារកាំភ្លើងដល់ច្រើនប៉ុនណាទៀត ទើបអាចដាស់ឱ្យភ្ញាក់នូវសតិសម្បជញ្ញៈរបស់អ្នកនយោបាយអាមេរិក? កាលណាអំណាច និងប្រាក់ទុនត្រូវបានតម្កល់ លើអាយុជីវិតរបស់ប្រជាជន នោះ មុខជានឹងបណ្តាលឱ្យកើតមានសោកនាដកម្ម ខាងសិទ្ធិមនុស្សកាន់តែច្រើនឡើងៗ ជាក់ជាមិនខាន ៕ វិទ្យុមិ្តភាពកម្ពុជាចិន

To Top