ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ជំរុញឲ្យអ្នកស្រុកក្នុងទីក្រុង Donetsk ជម្លៀសខ្លួនចេញ ខណៈដែលការប្រយុទ្ធគ្នា នៅភាគខាងកើតអ៊ុយក្រែន បានផ្ទុះឡើង

គៀវ៖ មន្ត្រីអ៊ុយក្រែនកំពុងជំរុញអ្នកស្រុក ដែលនៅសេសសល់ក្នុងតំបន់ Donetsk ជម្លៀសខ្លួនទៅកាន់តំបន់ដែលមាន សុវត្ថិភាពជាងមុន ខណៈដែលកងកម្លាំងរុស្ស៊ី កំពុងខិតទៅជិតដែនដីភាគខាងកើត។

ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Donetsk លោក Pavlo Kyrylenko បានឲ្យដឹងថា “ប្រទេសរុស្ស៊ី បានប្រែក្លាយតំបន់ Donetsk ទាំងមូលទៅជាចំណុចក្តៅ ដែលជាកន្លែងដែលវាមានគ្រោះថ្នាក់ ក្នុងការស្នាក់នៅសម្រាប់ជនស៊ីវិល”។

លោកបានលើកឡើងថា “ខ្ញុំអំពាវនាវឱ្យមនុស្ស ទាំងអស់ជម្លៀសខ្លួនចេញ ការជម្លៀសជួយសង្គ្រោះជីវិតមនុស្ស ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN។

អ៊ុយក្រែន នៅតែគ្រប់គ្រង ៤៥ភាគរយ នៃតំបន់ Donetsk ប៉ុន្តែបន្ទាប់ពីបានកាន់កាប់ទីតាំង Lysychansk ក្នុងតំបន់ Luhansk ដែលនៅជិតខាងនោះ កងកម្លាំងរុស្ស៊ីឥឡូវនេះកំពុងឆ្ពោះទៅកាន់តំបន់ Kramatorsk និង Slovyansk ។

ការវាយប្រហារជាថ្មីបាន បង្កើនល្បឿននៃការជម្លៀស ប៉ុន្តែមនុស្សភាគច្រើនបានចាកចេញពី ទីក្រុងរួចហើយ នេះបើយោងតាម ប្រធានរដ្ឋបាលយោធា-ស៊ីវិលលោក Vadym Liakh ។

លោកបន្ថែមថា “អ្នកដែលបានឃើញ (អ្វីដែលបានកើតឡើងនៅ Severodonetsk ឬ Lysychansk) បានចាកចេញជាយូរមកហើយ។ ឥឡូវនេះមានអ្នកស្រុកប្រហែល ២៣០០០នាក់នៃតំបន់ Slovyansk (ក្នុងចំណោមប្រហែល ១០ម៉ឺននាក់) ដែលនៅតែមាននៅក្នុងទីក្រុងនេះ”។

ដោយសារតែការកើនឡើងនៃ លំហូរអ្នកដំណើរចាកចេញពីទីក្រុង Donetsk ក្រុមហ៊ុនផ្លូវដែកអ៊ុយក្រែនបានឲ្យដឹងថា ខ្លួននឹងបន្ថែមរទេះភ្លើងបន្ថែម ដើម្បីជួយសម្រួលដល់ចលនារបស់មនុស្ស ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top