ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ព្រមានថា ការប៉ុនប៉ងរបស់លោកខាងលិច តាមការដាក់ទណ្ឌកម្មដល់រុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ជាហានិភ័យណាស់សម្រាប់មនុស្សជាតិ

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា លោក ឌីមេទ្រី ម៉េវ៉េឌីវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ការប៉ុនប៉ងរបស់បស្ចិមលោក ក្នុងការដាក់ ទណ្ឌកម្ម លើមហាអំណាចនុយក្លេអ៊ែរ ដូចជាប្រទេសរុស្ស៊ី សម្រាប់សង្រ្គាមនៅអ៊ុយក្រែន បានប្រថុយនឹង គ្រោះថ្នាក់ ដល់មនុស្សជាតិ ដោយសារតែជម្លោះជិត៥ខែមកហើយបានធ្វើឱ្យទីក្រុងនានា ដួលរលំ និងរាប់ពាន់នាក់គ្មានផ្ទះសម្បែង ។

ការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈមកលើអ៊ុយក្រែនបានបង្កឱ្យមានវិបត្តិធ្ងន់ធ្ងរ បំផុតនៅក្នុងទំនាក់ ទំនងរវាងរុស្ស៊ីនិងលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ នៅគ្រាដែលមនុស្សជាច្រើន ភ័យខ្លាចថា ពិភពលោកកំពុងស្ថិតក្នុងសង្គ្រាមនុយក្លេអ៊ែរ ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា ប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀ ពូទីន គឺជាឧក្រិដ្ឋជន សង្គ្រាម ហើយបាននាំឲ្យប្រទេសលោកខាងលិចក្នុងការបំពាក់អាវុធដល់អ៊ុយក្រែន និងដាក់ទណ្ឌកម្មយ៉ាង ធ្ងន់ធ្ងរលើរុស្ស៊ី ។

លោក ម៉េវ៉េឌីវ ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានថ្លែងនៅលើបណ្តាញសង្គម Telegram កាលពីថ្ងៃពុធថា “គំនិតនៃការដាក់ទណ្ឌកម្មប្រទេសដែលមានសក្តានុពលនុយក្លេអ៊ែរ ដ៏ធំបំផុតមួយគឺមិន សមហេតុផល ។ ហើយសក្តានុពលអាចបង្កការគំរាមកំហែងដល់អត្ថិភាពរបស់មនុស្សជាតិ” ។

យោងតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក គ្រប់គ្រងប្រហែល ៩០ភាគរយ នៃក្បាលគ្រាប់នុយក្លេអ៊ែររបស់ពិភពលោក ជាមួយនឹងក្បាលគ្រាប់ប្រហែល៤.០០០គ្រាប់ នៅក្នុងឃ្លាំងស្តុក យោធារបស់ពួកគេ ។

លោក ម៉េវ៉េឌីវ បានចាត់ទុកសហរដ្ឋអាមេរិកជាចក្រភពដែលបានបង្ហូរឈាមពាសពេញពិភពលោក ដោយលើក ឡើងពីការសម្លាប់ជនជាតិដើមអាមេរិក ការវាយប្រហារនុយក្លេអ៊ែររបស់អាមេរិកលើប្រទេសជប៉ុន និងសង្គ្រាម ជាច្រើនរាប់ចាប់ពីវៀតណាមរហូតដល់អាហ្វហ្គានីស្ថាន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top