វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួននឹងបន្តការហោះហើរ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ជាមួយរុស្ស៊ី បើទោះបីជាមានការប៉ុនប៉ងរបស់ខ្លួន ដើម្បីដាក់ឱ្យនៅដាច់ដោយឡែក ពីទីក្រុងម៉ូស្គូជុំវិញការឈ្លានពាន មកលើអ៊ុយក្រែនក៏ដោយ ។
ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក ហៅកាត់ NASA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីធានាបាននូវប្រតិបត្តិការ ប្រកបដោយសុវត្ថិភាពនៃ ស្ថានីយ៍អវកាសអន្តរជាតិ ការពារអាយុជីវិតរបស់អវកាសយានិក និងធានានូវវត្តមានរបស់សហរដ្ឋអាមេរិក ជាបន្តបន្ទាប់នៅក្នុងលំហ អង្គការ NASA នឹងបន្តក្រុមនាវិករួមបញ្ចូលគ្នា នៅលើយានអវកាសអាមេរិក និងរុស្ស៊ី Soyuz” ។

អង្គការ NASA បានលើកឡើងថា អវកាសយានិក Frank Rubio នឹងហោះហើរជាមួយ អវកាសយានិករុស្ស៊ី ២នាក់នៅលើគ្រាប់រ៉ុក្កែត Soyuz ដែលគ្រោងនឹងបាញ់បង្ហោះនៅថ្ងៃទី២១ ខែកញ្ញា ពីប្រទេសកាហ្សាស្ថាន ដោយមានអវកាសយានិកម្នាក់ទៀតឈ្មោះ Loral O’Hara បំពេញបេសកកម្មមួយទៀត នៅដើមឆ្នាំ២០២៣ ។
ជាលើកដំបូង អវកាសយានិករុស្ស៊ីនឹង ចូលរួមជាមួយអវកាសយានិក NASA នៅលើយាន Crew-5 ថ្មីរបស់ក្រុមហ៊ុន SpaceX ដែលនឹងបាញ់បង្ហោះនៅខែកញ្ញា ពីរដ្ឋផ្លរីដា ជាមួយនឹងអវកាសយានិកជប៉ុន ក្នុងបេសកកម្មនេះផងដែរ។
អង្គការ NASA បានឲ្យដឹងថា បេសកកម្មរួមគ្នាមួយទៀត នៅលើយានអវកាស SpaceX Crew-6 នឹងហោះហើរនៅដើមឆ្នាំ២០២៣ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
