ព័ត៌មានអន្តរជាតិ

ផ្ទៃដីប្រមាណជាង ៤.០០០ហិកតា រងការបំផ្លាញដោយភ្លើងឆេះព្រៃនៅ ភាគពាយព្យអេស្ប៉ាញ

ម៉ាឌ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ថា ផ្ទៃដីជាង៤.០០០ហិកតា ត្រូវបានបំផ្លាញនៅក្នុងភ្លើងឆេះព្រៃចំនួន៧កន្លែង ដែលនៅតែបន្តឆេះនៅក្នុងសហគមន៍ស្វយ័ត Galicia ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសអេស្ប៉ាញ ។ នេះបើយោងតាមក្រុមសេវាពន្លត់អគ្គីភ័យក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ។

រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ផ្ទៃដីចំនួន២.០០០ហិកតាត្រូវបានបំផ្លាញដោយភ្លើងដ៏ធំបំផុតនៅជិតទីក្រុង A Coruna ។

យ៉ាងណាមិញ មិនមានអ្នករងរបួសទេ ប៉ុន្តែអណ្តាតភ្លើងបានបង្ខំឱ្យមានការជម្លៀសមនុស្ស៧០០នាក់ចេញពីកន្លែងបោះជំរំក្នុងតំបន់ A Pobra do Caraminal ។

ភ្លើងនៅក្នុងខេត្ត Ourense បានឆាបឆេះផ្ទៃដីចំនួន៦០០ហិកតា បន្ទាប់ពីចាប់ផ្តើមក្នុងពេលដំណាលគ្នាក្នុង១០កន្លែងផ្សេងៗគ្នា ប៉ុន្តែត្រូវបានគ្រប់គ្រងបាន ។

អគ្គីភ័យភាគច្រើនត្រូវបានគេគិតថា ត្រូវបានចាប់ផ្តើមដោយចេតនា នេះបើយោងតាមរបាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយយ៉ាងដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top