ព័ត៌មានអន្តរជាតិ

តួកគីបញ្ចេញវីដេអូ របស់ជនសង្ស័យ បំផ្ទុះគ្រាប់បែក ក្នុងទីក្រុងអ៊ីស្តង់ប៊ុល និងថា មនុស្ស ៤៦នាក់ ត្រូវបានចាប់ឃុំខ្លួន

បរទេស ៖ អាជ្ញាធរប្រទេសតួកគី បានចេញផ្សាយរូបភាព របស់ស្ត្រីម្នាក់ ដែលត្រូវបានចាប់ខ្លួន ពីបទចោទប្រកាន់ថា បានបានបំផ្ទុះគ្រាប់បែក ដែលបានសម្លាប់មនុស្ស ៦ នាក់និងរបួស ៨១នាក់ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃអាទិត្យ ។ ទីក្រុងអង់ការ៉ាបានចោទកងជីវពលឃឺដ ក្នុងប្រទេសស៊ីរីថា ជាអ្នកគ្រប់គ្រងផែនការ បំផ្ទុះគ្រាប់បែកនេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ការចាប់ខ្លួននេះ ត្រូវបានប្រកាសកាលពីថ្ងៃចន្ទ ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តួកគីលោក Suleyman Soylu ដែលបាននិយាយថា ជនសង្ស័យត្រូវបានប៉ូលីសចាប់ខ្លួន នៅក្នុងកន្លែងលាក់ខ្លួនមួយ។

រូបភាពដែលបង្ហាញ ដោយប្រព័ន្ធផ្សព្វផ្សាយតួកគី រួមមានវីដេអូ នៃប្រតិបត្តិការរបស់ប៉ូលីស ដែលបង្ហាញពីជនសង្ស័យ និងបុគ្គលមួយចំនួនទៀត ត្រូវបានចាប់ខ្លួន និងអមដោយមន្ត្រីប្រដាប់អាវុធ។ ក្នុងនោះក៏មានរូបថត ជាច្រើនសន្លឹកបង្ហាញមុខ របស់នាងជាជនសង្ស័យផងដែរ។

លោក Suleyman Soylu បាននិយាយថា អ្នករៀបចំការបំផ្ទុះ គ្រាប់បែកត្រូវបាន ចាប់ខ្លួននៅក្នុងការប្រមូលផ្តុំ របស់ប៉ូលីស មុនពេលជនសង្ស័យ អាចភៀសខ្លួន ចេញពីប្រទេស ហើយអ្នកដែលនៅពីលើគាត់ នឹងមិនសប្បាយចិត្តដូច ដែលពួកគេចង់ឱ្យគាត់ស្លាប់។ លោករដ្ឋមន្ត្រីបាននិយាយថា មនុស្សសរុបចំនួន ៤៦ នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការផ្ទុះ ៕

To Top