ព័ត៌មានអន្តរជាតិ

Update: ក្រុងមូស្គូថា មីស៊ីលដែលបានវាយប្រហារ លើទឹកដីប៉ូឡូញជាប្រភេទ S-300 បាញ់ដោយទាហាន អ៊ុយក្រែន

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានសន្និដ្ឋានបន្ទាប់ពីសិក្សារូបភាពដែលបានចេញផ្សាយពីកន្លែងកើតហេតុថា មីស៊ីលដែលបានវាយប្រហារទឹកដីប៉ូឡូញកាលពីយប់ថ្ងៃអង្គារ គឺត្រូវបានបាញ់ដោយទាហានអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

យ៉ាងណាក៏ដោយ មន្ត្រីអាមេរិកក៏បានប្រាប់សារព័ត៌មាន Associated Press ថា មីស៊ីលដែលបានវាយប្រហារលើទឹកដីប៉ូឡូញកាលពីថ្ងៃអង្គារ ដែលបានសម្លាប់ជនស៊ីវិលពីរនាក់ ទំនងជាត្រូវបានបាញ់ចេញពីអ៊ុយក្រែន មិនមែនរុស្ស៊ីទេ។

យោងតាមការវាយតម្លៃបឋម មីស៊ីលនេះត្រូវបានបាញ់បង្ហោះដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ចំពេលមានការទម្លាក់គ្រាប់បែករុស្ស៊ីទ្រង់ទ្រាយធំទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន, នេះបើតាមសារព័ត៌មាន AP បានរាយការណ៍កាលពីថ្ងៃពុធ។

ព័ត៌មាននេះបានមកពីមន្ត្រីអាមេរិក៣នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែមិនត្រូវបានអនុញ្ញាតឱ្យពិភាក្សាអំពីបញ្ហានេះជាសាធារណៈ។

របាយការណ៍មុននេះដោយ AP ដោយដកស្រង់សម្តី “មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកជាន់ខ្ពស់” បាននិយាយថា វាគឺជាមីស៊ីលរបស់រុស្ស៊ី ដែលបានចុះចតលើទឹកដីប៉ូឡូញ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណបានបដិសេធមិនបញ្ជាក់ការអះអាងនេះទេ នៅពេលសួរអំពីវា៕ប្រែសម្រួលៈ ណៃ តុលា

To Top